ដាច់ IT សកល ប៉ះពាល់ក្រុមហ៊ុនអាកាសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារ

បរទេស÷ នៅថ្ងៃសុក្រនេះ ធនាគារធំៗ, ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនអាកាសចរណ៍ ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក បានរាយការណ៍ពីការដាច់ប្រព័ន្ធព័ត៌មានវិទ្យា ឬ IT ដ៏ធំ ដែលប៉ះពាល់ដល់ សមត្ថភាពផ្តល់សេវាកម្ម។ នេះបើតាម BBC។

រដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក បានអះអាងថា សេវាសង្គ្រោះបន្ទាន់ ៩១១ ក៏ត្រូវប៉ះពាល់ផងដែរ។ Sky News នៅចក្រភពអង់គ្លេស បង្ខំចិត្តបិទការផ្សាយ ជាបណ្តោះអាសន្ន។

ផែនការធ្វើដំណើរ ជុំវិញពិភពលោកក៏ត្រូវបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ផងដែរ។ ក្រុមហ៊ុន អាកាសចរណ៍ United Airlines, Delta និង American Airlines បានផ្អាកជើងហោះហើរទាំងអស់ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin និង Jetstar បានពន្យារពេលជើងហោះហើរ ខ្លះ និងលុបចោលខ្លះ។ អាកាសយានដ្ឋានផ្សេងទៀត រួមទាំងនៅទីក្រុងប៊ែរឡាំង តូក្យូ ក៏រងផល ប៉ះពាល់ផងដែរ។

រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មូលហេតុនៃការដាច់ IT គឺមិនច្បាស់លាស់។

ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតរបស់បារាំងបាននិយាយថា មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា ការដាច់ប្រព័ន្ធព័ត៌មានវិទ្យាសកល ជា cyberattack ឬ ការវាយប្រហារតាមអ៊ីនធឺណិត នោះទេ៕

ប្រែសម្រួល÷ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner