ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ(Call Centre)
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះបានបើកវគ្គបណ្តុះបណ្តាលជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម កត្តា អ៊ន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ(Call Center) ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្រ្ដី Call Center ក្នុងការផ្តល់សេវាសាធារណៈជូនសាធារណជន។
ឯកឧត្តមរដ្ឋលេខាបន្តថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារត្រូវធ្វើការឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស។ លើសពីនេះផងដែរក្រុមការងារត្រូវអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់សារឡើងវិញថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។
ទន្ទឹមនឹងនេះ ឯកឧត្តម កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។ លើសពីនេះទៀត ឯកឧត្តម ក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិក នៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត៕
ដោយ ៖ ង៉ាន់ ទិត្យ