រុស្ស៊ីដាក់គុកអ្នកកាសែតអាមេរិក ១៦ឆ្នាំ
មូស្គូ៖ អ្នករាយការណ៍ព័ត៌មានជនជាតិអាមេរិក លោក Evan Gershkovich ត្រូវបានតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់គុក រយៈពេល១៦ឆ្នាំ ពីបទ «ចារកម្ម» នេះបើតាមចៅក្រម Andrei Mineyev ។ លោក អ៊ីវ៉ាន ត្រូវបានចាប់ខ្លួន ពេលកំពុងធ្វើសេចក្តីរាយការណ៍ កាលពីខែមីនា ឆ្នាំ២០២៣។
តុលាការបានឈានដល់ការសម្រេចចិត្តរបស់ខ្លួនបែបនេះ កាលពីថ្ងៃសុក្រ ពោលគឺបន្ទាប់ពីដំណើរការកាត់ទោស ដោយសម្ងាត់ រយៈពេលបីសប្តាហ៍។ ក្រុងវ៉ាស៊ីនតោនថ្កោលទោស ការកាត់ទោសនេះ ហើយបានចាត់ទុកថា ជាការបោកប្រាស់។ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា «យើងកំពុងជំរុញយ៉ាងខ្លាំង សម្រាប់ការដោះលែងលោក Evan ឲ្យមានសេរីភាព»។
លោក Evan ដែលជាបុគ្គលិករបស់កាសែត Wall Street Journal ហាក់ដូចជាមិនមានប្រតិកម្ម ចំពោះការកាត់ទោសនេះទេ។ លោកគ្រាន់តែគ្រវីដៃ ទៅកាន់សហការី ជាអ្នកកាសែតដូចគ្នា នៅពេលគេនាំខ្លួនចូលមក ក្នុងតុលាការ។
លោក Evan នឹងត្រូវបានបញ្ជូន ទៅជំរុំពន្ធនាគាររុស្ស៊ីដ៏តឹងរឹង នេះបើតាមចៅក្រម Andrei Mineyev ដដែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត