រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ និងសត្វកម្រផ្សេងៗទៀត នៅតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង
(ខេត្តកោះកុង)៖ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។
ក្នុងដំណើរបេសកកម្មរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ ។
គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។
ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ និងធនធានជលផល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងសហការជាមួយដៃគូនានា ក្នុងការចូលរួមការពារថែរក្សាធនធានព្រៃឈើ សត្វព្រៃ និងជលផល ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម