រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ៖ វិស័យធនាគារឯកជន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤បានអនុញ្ញាតឱ្យលោក សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវិនិយោគ ក្នុងវិស័យធនាគារដែលបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ការងារជូនប្រជាពលរដ្ឋនៅកម្ពុជា។
លោក សឿង ម៉ូរ៉ារិ ឱ្យដឹងថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានបង្កើតឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ជាធនាគារឯកទេស ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited (ចុះបញ្ជីនៅ British Virgin Island) និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chief Group ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង។ ដោយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ធនាគារបានរៀបចំខួបលើកទី១០ ព្រមទាំងបានដាក់សម្ពោធនូវ Logo ថ្មី របស់ខ្លួនជាផ្លូវការ និងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារពាណិជ្ជ និងបានរៀបចំពិធីសម្ពោធផ្លូវការកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសប្បុរសធម៌របស់ធនាគារកន្លងមក ហើយបានសង្ឃឹមជឿជាក់ថាធនាគារ នឹងអាចចូលរួមជាមួយក្រសួងអធិការកិច្ចលើសកម្មភាពមនុស្សធម៌របស់ក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីជំហររបស់ក្រសួងក្នុងការជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈម ការលំបាករបស់ធនាគារ និងជួយសម្របសម្រួលជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធ ដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារជូនដល់អ្នកវិនិយោគ ៕
ដោយ ៖ ហេង សម្បត្តិ