អភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តកម្លាំងសមត្ថកិច្ច ខិតខំបន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើស រក្សាសុខសុវត្ថិភាព ជូនពលរដ្ឋ និងភ្ញៀវទេសចរ
(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថ ក្នុងការពិនិត្យពីការបង្ហាញមុខជនសង្ស័យ ៧នាក់ ក្នុងអំពើចោរកម្ម បង្កភាពអសន្តិសុខ និងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នារសៀលថ្ងៃទី១៩ កក្កដា ២០២៤ ក្រោយការបង្ក្រាបរបស់ កម្លាំងកងរាជអាវុធហត្ថខេត្ត រយៈពេល២ ថ្ងៃ (១៧-១៨កក្កដា២០២៤) កន្លងមក នៅក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ។
ក្នុងចំណោមជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតវត្ថុតាងបទល្មើសជាច្រើនប្រភេទ ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការចូលរួមគាំទ្រពីស្ថាប័នអយ្យ និងសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ថា ជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន ជាមួយនឹងការដកហូតវត្ថុតាងបទល្មើស រួមមាន ៖ ម៉ូតូ ៩គ្រឿង ទូរសព្ទដៃ ៧គ្រឿង កាំភ្លើងកែច្នៃ ៧ដើម ដាវ ៣ដើម ម៉ូទ័របូមទឹក ៣គ្រឿង ម៉ូទ័រឈូក និងម៉ូទ័រស្វាន ៨គ្រឿង ម៉ាស៊ីនបូមទឹក ១គ្រឿង អាគុយ ៤គ្រឿង ប្រដាប់ដូយរថយន្ត ៣គ្រឿង និងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ice) ម៉ាទឹកកក ៣កញ្ចប់ធំ រួមនឹងសម្ភារៈផ្សេងៗជាច្រើនមុខទៀត ផងដែរ។
ឯកឧត្តម សរ សុពុត្រា បានថ្លែង ដាស់តឿនដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសេចក្តីសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា បានស្នើដល់ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង កសាងនីតិវិធីដាក់ទោសទណ្ឌជនសង្ស័យទាំងនេះ ឱ្យសមទៅនឹងបំណងប្រាថ្នា និងសំណូមពររបស់ប្រជាពលរដ្ឋ។ ដោយឡែក ម៉ូតូ រួមទាំងសម្ភារៈផ្សេងៗ ដែលកម្លាំងសមត្ថកិច្ចដកហូតបានពីជនសង្ស័យ នឹងត្រូវប្រគល់ទៅឱ្យប្រជាពលរដ្ឋវិញ ដោយតម្រូវឱ្យម្ចាស់ទ្រព្យយកឯកសារ មកធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដោយមានការចូលរួមពី មេឃុំ-ចៅសង្កាត់ ដែលជាអាជ្ញាធរមូលដ្ឋាន ផងដែរ ៕
ដោយ ៖ ឡុង សំបូរ