កម្ពុជាប្រុងប្រៀបរួចជាស្រេចសម្រាប់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា
កណ្តាល៖ ខណៈកាលបរិច្ឆេទពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំស្ទើរតែរួចរាល់ហើយសម្រាប់ពិធីជាប្រវត្តិសាស្រ្តនេះ។
កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំខេត្តជាច្រើនរូប និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធបានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាខាងមុខ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ពីចំណុចនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនេះមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
ព្រែកជីកហ្វូណនតេជោដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងសម័យទំនើបនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម -សេដ្ឋកិច្ចកម្ពុជាដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, ចំណេញចម្ងាយផ្លូវ ,ចំណេញពេលវេលានិងថ្លៃដឹក ជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ។បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់។ជួយ ពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ។ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕
ដោយ៖វុទ្ធី រតនា