អ៊ុយក្រែនប្រមូលផលផ្កាឈូករ័ត្ន,ស្រូវសាលី ក្នុងរលកកម្តៅដ៏អាក្រក់

គៀវ៖ កសិករនៅប្រទេស អ៊ុយក្រែន បានចាប់ផ្តើមប្រមូលផលដំណាំ អំឡុងពេលរលកកម្ដៅ ដ៏ខ្លាំងក្លា ដែលបានវាយប្រហារ នៅដើមខែកក្កដានេះ ក្នុងនោះ សីតុណ្ហភាព អាចមានដល់ ៤៥អង្សាសេ។ កសិករបាននិយាយថា ផ្កាឈូករ័ត្ន និងសណ្ដែក អាចនឹងជួបការខាតបង់ ប៉ុន្តែ ស្រូវសាលី មិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។

កសិករ ឈ្មោះ Mykola Maliyenko បានអះអាងថា តម្លៃស្រូវសាលី ពីរឆ្នាំមកនេះ បានធ្លាក់ចុះ តាំងពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែ លោកបានប្រមូលផលលក់ បានពីរដង ក្នុងមួយឆ្នាំ។ លោកនិយាយទៀតថា «ខ្ញុំគិតថា អ្នកផលិតកសិកម្មអ៊ុយក្រែន នឹងអាចរកប្រាក់បានច្រើន ប៉ុន្តែ តម្លៃទាំងនេះ មិនមែនជាតម្លៃ ដែលយើងសមនឹងទទួលបាននោះទេ»។

ក្រសួងកសិកម្មអ៊ុយក្រែនបញ្ជាក់ដែរថា រលកកម្ដៅ បច្ចុប្បន្ន នឹងធ្វើឲ្យប្រទេសមួយនេះ មិនអាចប្រមូលផលផ្កាឈូករ័ត្ន ព្រមទាំង ពោត តាមផែនការទេ។ អ្នកវិភាគ ASAP Agri បានអះអាងថា សីតុណ្ហភាពកំដៅខ្លាំង ជាពិសេស នៅក្នុងតំបន់ Dnipro មានចន្លោះពី៤០ ទៅ៤៥ អង្សាសេ ។ ជាលទ្ធផល សម្រាប់ឆ្នាំ ២០២៣/២០២៤ ផែនការប្រមូលផលដំណាំ ១៤.៣លានតោន ប្រហែលជាមិនអាចសម្រេចបានទេ។

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន កំពុងកត់ត្រាសីតុណ្ហភាព ដ៏ក្តៅជាប្រវត្តិសាស្ត្រ ស្របពេលដែលទីក្រុងធំៗ កំពុងទទួលរងគ្រោះ ពីការគ្មានអគ្គិសនីប្រើប្រាស់បានយូរ តាំងពីរុស្ស៊ីវាយប្រហារ លើរោងចក្រថាមពល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner