ធនាគារកណ្តាលកម្ពុជា និងទីម័រខាងកើត ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ

(ភ្នំពេញ)៖ ធនាគារកណ្តាលកម្ពុជា និងទីម័រខាងកើត ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បទពិសោធន៍និងចំណេះដឹងលើការងារ បច្ចេកទេស ជាដើម ។

នេះបើយោងតាមសឹេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាកិច្ចប្រជុំលើកដំបូងរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រ ខាងកើត ដែលបានបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុង គោលដៅរួមចំណែកអភិវឌ្ឍវិស័យ ធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំ នៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេស ផ្តោតលើការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្ត្រនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដុល្លារូបនីយកម្ម ក៏ដូចជាប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថប្រយោជន៍សម្រាប់ធនាគារកណ្តាល និងប្រទេសទាំងពីរ។

នាឱកាសនោះដែរ ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ដែលមានគោលបំណងពង្រឹងកិច្ចសហការលើ៖ – ប្រតិបត្តិការធនាគារកណ្តាល- ការតភ្ជាប់ការទូទាត់សងប្រាក់- នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល- ការត្រួតពិនិត្យធនាគារ- បរិយាបន្ន ហិរញ្ញវត្ថុ និង – ការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈអនុស្សរណៈយោគយល់នេះ មន្ត្រីជំនាញនៃ ធនាគារកណ្តាលទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែកព័ត៌មាននិងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង បទពិសោធន៍ និងចំណេះដឹងលើការងារ បច្ចេកទេស ជាដើម។

ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំខាងលើ និង បានសម្រេចឱ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំ ព្រមទាំងបានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ ។

សូមជម្រាបថា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសមួយចំនួន ដូចជា៖ ថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូ សហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេ ជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner