គ្រប់គ្រឹះស្ថានសាសនានៅខេត្តកំពត បានត្រៀមរួចរាល់ដើម្បីអបអរ​សាទរពិធីបើកការដ្ឋាន​សាងសង់ព្រែកជីកហ្វូណន​តេជោ

កំពត៖មកដល់ពេលនេះគ្រប់គ្រឹះស្ថានសាសនានានាទូទាំង​ខេត្តកំពតដូចជា វត្តអារាម វិហារ សារ៉ាវ ជាដើម បាន​ត្រៀម​លក្ខណៈ​រួចរាល់ហើយ ដើម្បីអបអរសាទរពិធីបើកការដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី៥ ខែសីហា​ខាងមុខក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា។តាមគម្រោងព្រែកជីក​ប្រវត្តិសាស្រ្ត​នេះមាន​ប្រវែងជាង១៨០គីឡូម៉ែត្រដោយ​ឆ្លងកាត់​ខេត្តចំនួនបួន គឺខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ។

លោក នាក់ យិតថូ  ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ត​កំពតបានប្រាប់ឱ្យដឹងថា  បន្ទាប់ពីបានទទួលការណែនាំ​ពីក្រសួង​ធម្មការ និងសាសនា និងរដ្ឋបាលខេត្តកំពត,មន្ទីរបាន​ធ្វើការផ្សព្វផ្សាយដល់គ្រឹះស្ថានសាសនា ពុទ្ធសាសនា ឥស្លាម​សាសនា គ្រិស្តសាសនា និង​សាសនាដទៃទៀត​ឲ្យត្រៀម​លក្ខណៈ ចូលរួមអបអរសាទរការបើកកាដ្ឋានសាងសង់​ព្រែកជីកហ្វូណន​តេជោនៅ​ថ្ងៃទី៥ ខែសីហា វេលាម៉ោង ៩ និង៩នាទីព្រឹក ។គ្រប់វត្តអារាម វិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថាន​ទីធ្លាតាមគ្រឹះស្ថាន សាសនានីមួយៗឱ្យបានស្អាតនិងត្រូវ​វាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោកជាដើម។ល។ ដើម្បីបន្លឺ​សំឡេង អបអរសាទរ  ។លោកបានបន្តថា មកដល់​ថ្ងៃនេះ គ្រប់ គ្រឹះស្ថានសាសនាទាំងអស់ ពិសេសតាមវត្តអារាម បានត្រៀម​រៀបចំរួចរាល់ហើយ។

ចំណែក ព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត​កំពតមានថេរដីកាថា គ្រប់វត្តបានត្រៀមស្គរ រគាំង និងចង​ទង់សាសនា ទងជ្វាលារួចរាល់ហើយ ។

ជួបជាមួយទូរទស្សន៍អប្សរា ព្រះសង្ឃនិងប្រជាពលរដ្ឋជា​ច្រើនអង្គនាក់ បានបង្ហាញអារម្មណ៍រំភើបរីករា​យ​គាំទ្រគម្រោង​ព្រែកជីក​ហ្វូណន​តេជោ ហើយក៏ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមអបអរពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែ​សីហាឆាប់ៗខាងមុខនេះ ។
ដោយឡែករដ្ឋបាលខេត្ត​កំពត​ក៏បានណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាល​ក្រុងស្រុក ប្រជាពលរដ្ឋ​ឱ្យរៀបចំទីកន្លែង និង គេហដ្ឋានរបស់ខ្លួនឱ្យបានស្អា​តដោយមានចងទង់ជាតិ ទង់ជ្វាលា និងទូងស្គរ ទះប៉ោត បន្លឺសំឡេងអបអរនៅ​វេលាម៉ោង៩​និង​៩នាទីថ្ងៃទី៥ ខែសីហា ឱ្យបានកងរំពងឡើង៕
ដោយ៖ សិលា សារិន

ads banner