ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើងចំពោះជនរងគ្រោះដោយសារធាតុញៀន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះជនរងគ្រោះដោយសារធាតុញៀន នៅពេលគាត់បានធ្វើសមាហរណកម្មទៅសង្គមជាតិវិញ ត្រូវជួយផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តគាត់ឲ្យផ្តាច់ពីសារធាតុញៀននេះ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន ៧៨៩នាក់ ស្រី ៧៨នាក់ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បន្តថា បញ្ហាដែលកើតមានក្នុងសង្គមជាតិ និងក្រុមគ្រួសារ ដោយឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនរំពឹងឲ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរបស់សង្គមជាតិ ប៉ុន្តែបើក្មួយៗដើរខុសផ្លូវនាំឲ្យមានមហន្តរាយដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ ព្រោះគ្រឿងញៀននេះបានបំផ្លាញសុខភាពធ្ងន់ធ្ងរ ធ្វើឲ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តបាត់បង់ទាំងស្រុងដែលបណ្តាលឱ្យបុគ្គលនោះក្លាយជាជនមានវិបល្លាសស្មារតី ដែលឈានទៅដល់ការប្រើ អំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កគ្រោះថ្នាក់ចរាចរណ៍ អុកឡុកដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសារធារណៈ បាត់បង់នូវអនាគត និងឱកាសការងារ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ ប្រជាជនក្នុងមូលដ្ឋានធ្វើឱ្យបាត់បង់នូវធនធានមនុស្សក្នុងសង្គម និងក្លាយជាបន្ទុករបស់រដ្ឋាភិបាលទៀតផង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្ហាត់បង្រៀនក្បាច់ហាត់ប្រាណដល់បងប្អូននៅក្នុងមជ្ឈមណ្ឌល ដើម្បីឲ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានធ្វើការថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន រួមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេសសុខភាព និងសិទ្ធិរស់រានមានជីវិត និងព្រមទាំងថ្លែងអំណរគុណផងដែរ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អភិបាល រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បាននាំយកនូវអំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner