អគ្គលេខាធិការ គ.ជ.ប៖ គ.ជ.ប នឹងបន្តចុះឈ្មោះបោះឆ្នោតថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឬអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦

ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតលើកនេះ គឺអនុវត្តតាមក្របខណ្ឌច្បាប់ និងបច្ចេកទេសដូចនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំមុនដែរ ប៉ុន្តែខុសប្លែកត្រង់ថាយើងនឹងបន្តចុះឈ្មោះបោះឆ្នោតថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឬអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ ក៏ដូចជាអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ រួមទាំងការកែតម្រូវឈ្មោះ និងទិន្នន័យផ្សេងៗដែលកត់ត្រាមិនបានត្រឹមត្រូវ តាមឯកសារដែលសាមីខ្លួនប្រើប្រាស់ពេលចុះឈ្មោះបោះឆ្នោតកន្លងមក ឬការធ្វើបច្ចុប្បន្នភាពឯកសារចុះឈ្មោះបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានសុពលភាព ដែលគាត់ទើបទទួលបាន ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រដូចជារូបថត ឬស្នាមម្រាមដៃជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” នៅទីស្ដីការ គ.ជ.ប នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា នៅរៀងរាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ហើយវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំជាពិសេសជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត នាពេលខាងមុខ ដើម្បីត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

ឯកឧត្ដម ទេព នីថា បានគូសបញ្ជាក់ថា ទន្ទឹមនេះ គ.ជ.ប ក៏ត្រូវធ្វើការសម្អាតបញ្ជីបោះឆ្នោត តាមរយៈការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះអ្នកបោះ-ឆ្នោតដែលបានទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងផងដែរ។

សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៦០នាក់៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner