ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញចូលរួមអគារសិក្សា និងសមិទ្ធផលនានាស្ថិតនៅវត្តត្រើយកោះ

កំពត៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយក​ដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការ​រងកង​ទ័ព​ជើងគោក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤​បានអញ្ជើញចូលរួម​អគារសិក្សាមួយខ្នងកម្ពស់ពីរ​ជាន់ស្មើ​នឹង១០បន្ទប់និង​សមិទ្ធ​ផល​នានា​​ដែល​ជាអំណោយដ៏ថ្លៃថ្លា​របស់​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិង​លោកជំទាវបណ្ឌិត ជូនសាលា​បឋម​សិក្សា ហ៊ុន សែន វត្តត្រើយកោះ ក្រុងកំពត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍ក្នុងឱកាស​នេះ​ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​ដែលប្រសូត្រ​ចេញពី​គណបក្សប្រជាជនកម្ពុជា តាំងពី​ជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត តែង​តែចាត់​ទុក​ប្រជា​ពលរដ្ឋជាកែវភ្នែក ជាបេះដូង ជាម្ចាស់​ប្រទេស ។ប្រមុខរាជរដ្ឋាភិបាលតែងតែខំប្រឹងប្រែងលះ​បង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ​នៃការអភិវឌ្ឍប្រទេស និងជួយសង្គ្រោះប្រជា​ជន  ខណៈដែលក្រុមអ្នកជ្រុលនិយម តែងតែប្រឆាំងរារាំង មិនចង់ឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជា​មានភាពរីកចច្រើន។

ឯកឧត្តមបន្តថា ក្នុងនាមពលរដ្ឋជាម្ចាស់ប្រទេស សិស្សា​នុសិស្ស យុវជនខ្មែរជំនាន់ក្រោយ ត្រូវមានស្មារតីសាមគ្គីគ្នា ចេះជួយគ្នា លើកទឹកចិត្តគ្នា គ្រាលំបាក ឬពេលមានអាសន្ន ហើយបោះបង់នូវវប្បធម៌ជាន់ពន្លិកគ្នាឯង។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនចូលរួម និងជួយធ្វើជាកញ្ចក់ ជូនរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថិកិច្ចជំនាញ ក្នុងការបង្ការ​ទប់ស្កាត់ ការបើកល្បែងស៊ីសងគ្រប់ប្រភេទ។ ពិសេសប្រឆាំង​ដាច់ខាតការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងចាត់ទុក គ្រឿងញៀនគឺជាខ្មាំង ៕

ដោយ សិល សារិន

ads banner