ជួយបង្រៀនជនជាតិដើមភាគតិច កែច្នៃរពាក់ ការផលិតម្សៅ​រំដេង និងការបង្កើតផែនការគម្រូអាជីវកម្ម

កំពង់ធំ៖នៅខេត្តកំពង់ធំអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍​(AFD )​បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មរពាក់ ផលអនុផល​ព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើត​ផែនការគម្រូអាជីវកម្ម ដល់តំណាងកសិករក្នុងតំបន់គោលដៅ​ជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ​ សហគមន៍នេសាទនិងសហគមន៍​កសិកម្ម ដើម្បីបង្កើនប្រាក់​ចំណូល នៅក្នុងភូមិខ្វាន់ទៀង ឃុំ​សាលាវិស័យ ស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា​ឆ្នាំ២០២៤។

សកម្មភាពនេះដោយមានការគាំទ្រថវិកាពី​SDC/Ireland នៃគម្រោង “ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិ​ជនជាតិ​ដើមភាគតិច”។

លោក នាង ថៃ មន្ត្រីបច្ចេកទេសទីផ្សារបានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ផ្ដល់ការយល់ដឹងស្ដីពី​ផែនកា​រគម្រូ​អាជីវកម្ម(CANVAS)ដល់អ្នកចូលរួម។លោកបន្តថា ច្រវាត់តម្លៃលើគម្រូអាជីវកម្ម គឺជាវិធីសាស្ត្រ​មួយដែលអាចពិនិត្យ មើលពីប្រព័ន្ធ​ដំណើរការតាមទស្សនៈ​វិស័យជាសាកល។ ការពង្រីកមើលទៅលើផ្នែកត​ភ្ជាប់ណា​មួយនៃខ្សែច្រវ៉ាក់ បង្ហាញ ពីគម្រូអាជីវកម្មផ្សេងៗ​គ្នារបស់​អ្នកចូលរួម។ គម្រូផែនការអាជីវកម្ម អនុញ្ញាតិឱ្យយើងអាច​ពិនិត្យបានកាន់តែកៀកទៅលើ កំណត់ជាក់លាក់ណាមួយនៅ​ក្នុងខ្សែច្រវាក តាមរយៈការសង្កេតពីគ្រប់ជ្រុងទាំងអស់។

វគ្គបណ្ដុះបណ្ដាលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដាដោយមានអ្នកចូលរួមចំនួន១៥នាក់ ,​បុគ្គលិកអង្គការ​សកម្មភាព​ដើម្បីអភិវឌ្ឍន៍(AFD )មានចំនួនប្រាំនាក់( ស្រី៤នាក់) ​និងគ្រូឧទ្ទេសមួយនាក់៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner