ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍វិស័យ​ឯកជន​ក្នុងការចូលរួមរាល់គំនិតដើម្បីកសាង និងអភិវឌ្ឍកម្ពុជា ឱ្យឆ្ពោះទៅមុខស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងនាម ក្រសួងសូមស្វាគមន៍វិស័យឯកជនក្នុងការចូល​រួមរាល់គំនិត ដើម្បីកសាង និងអភិវឌ្ឍកម្ពុជាឱ្យឆ្ពោះទៅមុខ​ស្រប​តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងឱកាស​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសំណង់ និងអចលន​ទ្រព្យ ( ក្រុម “ឌ”) ជាមួយផ្នែកឯកជនកាលពីព្រឹក​ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ក្រៅពីច្បាប់ផ្សេងៗ ច្បាប់សំណង់ និងលិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ ក៏​ត្រូវរៀបចំបន្ថែម ដើម្បីធ្វើឱ្យការបំពេញ​ការងារទាំងវិស័យសាធារណៈ និងវិស័យឯកជន មានភាព​ងាយស្រួល ក្នុងគោលដៅ​ធ្វើយ៉ាង​ណាធានាបាននូវកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការធានាបាននូវនិរន្តរភាព​ចំណូល ប្រជាពលរដ្ឋមានការងារធ្វើ និងការរស់​នៅប្រកប​ដោយ​សុភមង្គល និងសេចក្តីថ្លៃថ្នូរ ស្របតាមចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធានា​បាន​នូវភាពងាយស្រួលសម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាផ្សេងៗ​តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលា​ច្រើនឡើយ ។ ដោយឡែកក្រៅពីការងារចុះបញ្ជីដីបង្ហើយ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ក្រសួងក៏មានគោលដៅក្នុង​ការរៀបចំទីក្រុងឱ្យក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធទ្រទ្រង់ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់សេវារួមមាន សេវាសង្គ្រោះ​បន្ទាន់ និងសេវាពន្លត់អគ្គិភ័យ។

ចំពោះការសាងសង់កម្ពស់លូ និងកម្ពស់ផ្ទះ ក្រសួងនឹង​កំណត់នីវ៉ូឱ្យបានច្បាស់លាស់។រីឯចំពោះបញ្ហានៅទីក្រុង ក្រសួងបានរៀបចំ​ក្រុមការងារមួយ ដើម្បីកំណត់ពីប្រភេទ និងទំហំនៃបញ្ហា ដើម្បីងាយស្រួលដោះស្រាយ និងបញ្ជៀស​រាល់បញ្ហាដែលអាចកើតមាន​ឡើងជាមួយប្រជាពលរដ្ឋ។

សូមជម្រាបថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាល​ទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។មានការងារធ្វើ ។មានប្រាក់ចំណូល ។មានលំនៅឋានរស់នៅ​សមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព ។មានអាហារ​ហូបចុកគ្រប់គ្រាន់។ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ។រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ ក្នុងសង្គម​ជាតិ និងរស់នៅប្រកបដោយ​មោទនភាពនៅលើទឹកដីរបស់​ខ្លួន៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner