យូអិនដាក់គោលដៅលុបបំបាត់ជំងឺអេដស៍ទាំងស្រុងនៅឆ្នាំ ២០៣០

ហ្សឺណែវ ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តនយោបាយ ដែលធ្វើឡើងនៅឆ្នាំ២០២៤នេះ នឹងកំណត់ថាតើគោលដៅ ដើម្បីបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០៣០ អាចឈានដល់ដែរឬអត់។

ប្រធានអង្គការ UNAIDS លោកស្រី Winnie Byanyima បានចង្អុលបង្ហាញនៅក្នុងរបាយការណ៍មួយថា មនុស្សម្នាក់បានស្លាប់ដោយសារមូលហេតុ ទាក់ទងនឹងជំងឺអេដស៍ជារៀងរាល់នាទី ហើយបានព្រមានថា ពិភពលោកកំពុងដើរចេញពីផ្លូវបិទបញ្ចប់មេរោគអេដស៍ ដែលបានដាក់គោលដៅប្រកបដោយមហិច្ឆតានៅឆ្នាំ ២០៣០។ លោកស្រីបន្ថែមថា វិសមភាពដែលជំរុញឱ្យមានការរាតត្បាតមេរោគអេដស៍ នៅមិនត្រូវបានដោះស្រាយឱ្យបានគ្រប់គ្រាន់នៅឡើយទេ។

ក្នុងរយៈពេលជាង ៤ទសវត្សរ៍ ចាប់តាំងពីការរីករាលដាល នៃជំងឺអេដស៍បានផ្ទុះឡើងនៅទូទាំងពិភពលោក មេរោគនេះបានសម្លាប់មនុស្សជាង ៤២លាននាក់។ ស្របពេលការស្លាប់ទាក់ទងនឹងជំងឺអេដស៍កំពុងធ្លាក់ចុះជាលំដាប់ ដោយបានធ្លាក់ចុះពី ៦៧០,០០០នាក់ក្នុងឆ្នាំ ២០២២ មកត្រឹម ៦៣០,០០០នាក់កាលពីឆ្នាំ២០២៣ ប៉ុន្តែចំនួននេះនៅតែខ្ពស់ដដែល។ យោងតាមរបាយការណ៍បានបង្ហាញថា មនុស្សជិត ៤០លាននាក់រស់នៅជាមួយមេរោគអេដស៍។ ករណីឆ្លងថ្មីៗប្រហែល ១.៣លានត្រូវបានកត់ត្រាកាលពីឆ្នាំ២០២៣ ថយចុះ ១០០,០០០ករណី បើធៀបនឹងឆ្នាំ ២០២២ ហើយធ្លាក់ចុះប្រហែល ៦០ភាគរយ ចាប់តាំងពីការឡើងដល់ចំនុចកំពូល គឺ ៣.៣លានករណីក្នុងឆ្នាំ ១៩៩៥។

ប៉ុន្តែនិន្នាការរយៈពេលវែងនៅតែជាផ្លូវឆ្ពោះទៅរកគោលដៅរបស់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃអង្គការសហប្រជាជាតិ (UNAIDS) ដែលមានត្រឹមតែ ៣៣០,០០០ករណីនៃការឆ្លងថ្មីៗក្នុងឆ្នាំ ២០២៥។
ប៉ុន្តែទោះបីជាតួលេខនេះមើលទៅជាវិជ្ជមាន ក៏ទីភ្នាក់ងារ UNAIDS បានព្រមានថា វឌ្ឍនភាពនៅតែផុយស្រួយ។ បើតាមរបាយការណ៍ ការសម្រេចចិត្តដែលមេដឹកនាំធ្វើឡើងនៅឆ្នាំ២០២៤នេះ នឹងកំណត់ថាតើប្រទេសនានាអាចសម្រេចបាននូវគោលដៅឆ្នាំ ២០៣០ ដើម្បីបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ និងធានាឱ្យមានការរីកចម្រើនលើសពីឆ្នាំ ២០៣០ដែរឬអត់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner