ក្រុមស្រាវជ្រាវបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក
(ភ្នំពេញ)៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុង ភូមិ ស្រែចង្ហូត សង្កាត់ រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។
ទាក់ទិនក្នុងរឿងនេះ លោក សួម សុភា អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណង ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។
ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ ។
លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម ។
ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ ។
អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែកធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្មជាដើម ដែលជួយឱ្យចក្រភពខ្មែរសម័យនោះ មានការរីកចម្រើនជឿនលឿន និងជាកត្តាមួយដែលជំរុញអារ្យធម៌អង្គរថ្កុំថ្កើង ។
សូមបញ្ជាក់ថា មុនពេលដែលក្រុមអ្នកបុរាណវិទ្យា បើកកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនៅភ្នំបូកនោះ គឺអ្នកស្រាវជ្រាវបានសិក្សាតាមវិធីវាស់ស្ទង់ ប្រើឧបករណ៍ Gradiometer ដោយបានជំនួយពីសកលវិទ្យាល័យ Flinders University, Australia ជាមុនដើម្បីសិក្សាបឋមពីវត្តមាននៃទីតាំងចង្ក្រាន នៅលើស្ថានីយនេះ៕
ដោយ ៖ ម៉ាដេប៉ូ