ប្រគល់អំណោយកាណូត,អាវពោងសុវត្ថិភាព និងប្រេងឥន្ធនៈរបស់សម្ដេចធិបតីដល់រដ្ឋបាលនៅស្រុកសណ្ដាន់
កំពង់ធំ៖កាណូតចំនួនបួនគ្រឿង,អាវពោងសុវត្ថិភាព៤០ និងប្រេងឥន្ធនៈ ដែលជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ត្រូវបានប្រគល់ជូនអាជ្ញាធរឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
មធ្យោបាយទាំងនេះសម្រាប់ដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឆ្លងស្ទឹងសែននារដូវវស្សាប្រកបដោយសុវត្ថិភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ បាននាំយកអំណោយនេះទៅប្រគល់ជូនដោយផ្ទាល់។លោកបញ្ជាក់ថា កាណូតបួនគ្រឿងនេះ គឺពីរគ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និងពីរគ្រឿងទៀតជូនប្រជាជននៅឃុំមានជ័យនិងឃុំខ្លែង ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់អ្នកបើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូន។ត្រូវថែទាំតាមលក្ខណៈបច្ចេកទេសដើម្បីប្រើប្រាស់បានយូរអង្វែង។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ,ជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ៕
ដោយ៖ ប៊ុន រដ្ឋា