ខេត្តបាត់ដំបងឆ្នាំនេះ ល្បឿនដាំដុះស្រូវវស្សាលឿន និងលូតលាស់បានល្អ
បាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បាន បញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សាឆ្នាំ២០២៤នេះមាន ល្បឿនលឿន និងលូតលាស់បានល្អប្រសើរជាងបណ្តា ឆ្នាំមុនបើ ប្រៀបធៀបនិងរយៈពេលដូចគ្នា។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះគិតត្រឹមជិតចុងខែកក្កដា ទូទាំងខេត្តសម្រេចបានប្រមាណ ២៥ម៉ឺនហិកតាស្មើនឹង៧៤ ភាគរយ លើផែនការសរុប ៣៣៥ ០០០ហិកតា។លោកពណ៌នាថាការបង្កបង្កើនផលឆ្នាំ២០២៤មានល្បឿនលឿនជាងឆ្នាំមុន។ទន្ទឹមនេះស្ថានភាពលូតលាស់ដំណាំស្រូវនិង ដំណាំផ្សេងៗ ក៏មានលក្ខណៈល្អប្រសើរដូចគ្នាដែរ។
លោកប្រធានមន្ទីរបន្តថា បើទោះបីជាប៉ុន្មានថ្ងៃកន្លងមក មាន ភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងបរិមាណច្រើនក៏ដោយ ហើយនៅ តាមបណ្ដាស្ទឹងមួយចំនួនមានកម្ពស់ទឹកខ្ពស់ក៏ពិតមែន ប៉ុន្តែវាពុំមានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ដំណាំរួមផ្សំផ្សេងៗ និងផ្ទះសម្បែងប្រជាពលរដ្ឋដែរ។ ពេលនេះទឹកបានស្រកចុះទៅវិញជាបណ្តើរៗវិញហើយ។
.
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តក៏បានឱ្យដឹង បន្ថែមទៀតថាកាលពីប៉ុន្មានថ្ងៃមុនកើតមានបញ្ហាដង្កូវកាត់ ស្លឹកនិងដង្កូវស៊ីរូងដើមលើដំណាំពោតនៅស្រុកកំរៀង ប៉ុន្តែមន្រ្តីជំនាញបានចាត់វិធានការអន្តរាគមន៍ និងទប់ស្កាត់ បានទាន់ពេលវេលា។ រហូតមកដល់ពេលនេះស្ថានភាពនៃការ រាតត្បាតសត្វចង្រៃនៅក្នុងខេត្តបាត់ដំបង មិនទាន់មានសញ្ញា អាក្រក់កើតឡើងទេ គឺមានកម្រិតតិចតួចបំផុតនៅឡើយ។
លោកបន្តថា ជាមួយនឹងល្បឿននៃការដាំដុះបានឆាប់រហ័ស ដោយសារធម្មជាតិអំណោយផល មន្ទីរក៏បានចាត់មន្រ្តីជំនាញ ឱ្យតាមមើលជាប្រចាំត្រៀមជួយដល់ កសិករឱ្យបានទាន់ ពេលប្រសិនជាមានអ្វីកើតឡើងជាឧបសគ្គដល់ដំណាំស្រូវ ឬដំណាំផ្សេងៗទៀត។
តាមរយៈទូរទស្សន៍អប្សរាលោកក៏សូមអំពាវនាវផងដែរដល់កសិករ បើកើតឡើងនូវអ្វីប្លែកសូមរាយការណ៍ឱ្យបានជា បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានដែរនៅជិតបំផុត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.