រឿងចោទប្រកាន់រាជរដ្ឋាភិបាលកាត់ខេត្តចំនួន៤ឱ្យវៀតណាម៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៤នាក់

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់មនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរសើអើង និងករណីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន៤ ឱ្យទៅប្រទេសវៀតណាម។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។


លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៣ ខែកក្កដា នេះថា ការចាប់ខ្លួននេះ គឺមានចំនួន៤នាក់ ដោយក្នុងនោះម្នាក់ពាក់ព័ន្ធការសរសេរញុះញង់ឱ្យមានការរើសអើងជាអាទិ៍ដែលជាបទល្មើសព្រហ្មទណ្ឌ។ ចំណែកមនុស្ស ៣នាក់ទៀត ដែលជាក្រុម ២៣ តុលា គឺបានធ្វើការផ្សាយ ឬក៏ធ្វើការឡាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមរឿងចោទប្រកាន់ថា កម្ពុជា ឬក៏រាជរដ្ឋាភិបាលកាត់ខេត្តចំនួន ៤ ទៅឱ្យនេះទៅឱ្យនោះ ហើយដែលអនាគតអាចនឹងរលាយទៅក្នុងតំបន់ឥណ្ឌូចិនជាដើម….។ ហើយចរិតនៃបទល្មើស គឺជាបទល្មើសជាក់ស្តែងដែលនគរបាលយុត្តិធម៌ ជាពិសេសខាងនគរបាលស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តទៅតាមនីតិវិធីព្រហ្មទណ្ឌ និងទៅតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ និងមានការដឹកនាំអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចាប់ខ្លួន គឺជាបទល្មើសជាក់ស្តែង ហើយអនុវត្តទៅតាមច្បាប់ តាមទម្លាប់ មិនមានករណីណាមួយជារឿងបំភិតបំភ័យ ឬបំបិទសិទ្ធិសេរីភាពរបស់អ្នកវិភាគ ឬរបស់មហាជនទូទៅនោះឡើយ។ ប៉ុន្តែនេះ គឺជាការប្រព្រឹត្តបទល្មើសដែលដើរហួសអំពិបន្ទាត់ក្រហមនៃសេរីភាពក្នុងការបញ្ចេញមតិយោបល់ក្នុងនាមជាពលរដ្ឋហើយ គឺជាការញុះញង់ ការធ្វើឱ្យចលាចលក្នុងសង្គម។ យើងដឹងហើយថា បញ្ហាទឹកដីកាលណាលើកឡើងនាំឲ្យមានការប៉ះពាល់ដល់អារម្មណ៍មហាជន ហើយវាមិនមែនជាការពិតទៅទៀតនោះ នេះគឺថាជាកំហុស ឬក៏ជាបទល្មើសធ្ងន់ធ្ងរណាស់សម្រាប់សង្គមមួយដែលមិនមានការពិតដូចការលើកឡើងនោះ៕
ដោយ៖ពលជ័យ

ads banner