អនុញ្ញាតឱ្យពលរដ្ឋឃុំច្រណូកបង្កបង្កើនផលស្រូវលើដីតំបន់៣មួយរដូវទៀត តែហាមកាប់ទន្ទ្រានថែម

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន  រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រីនិងជានាយករងខុទ្ទកាល័យ​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាន​បញ្ជាក់ថា តបតាមការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅ​ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យបងប្អូនចូលបង្កបង្កើនផល​លើ​ដីតំបន់៣មួយ រដូវកាល​ទៀត តែហាមកាប់ទន្ទ្រានដីព្រៃ​លិចទឹកនៅសេសសល់បន្តទៀតសូម្បីដើមឈើមួយដើម ។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បញ្ជាក់បែបនេះក្នុងឱកាសអម​ដំណើរជាមួយលោកជំទាវ កែ ច្ទនមុន្នី តំណាងរាស្ត្រមណ្ឌល​ខេត្ត​កំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅ​សាលា​ឃុំច្រណូកកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៤។

ឯកឧត្តមបានបន្តថា កាលមុនបងប្អូននៅស្រុកកំពង់លែង ភាគច្រើនគឺ ប្រកបមុខរបរនេសាទត្រី ប៉ុន្តែក្រោយមកផល​នេសាទ​បានធ្លាក់ចុះ បងប្អូនបានងាកមកកាប់ទន្ទ្រានព្រៃ​លិចទឹក យកដីធ្វើស្រែ។ដូច្នេះហើយ មន្ទីរ ក្រសួងពាក់ព័ន្ធ ដែលមានភារកិច្ច​ការពារព្រៃលិចទឹកបានអនុវត្ត តាមតួនាទី​របស់ខ្លួន ក្នុងនោះមានទាំងអាជ្ញាធរដែនដីផងដែរ។ឯកឧត្តម​បន្តថា​ថ្ងៃនេះប្រសិន​បើមិនមានការ យកចិត្តទុកដាក់ពីអាជ្ញាធរ​ឃុំ ស្រុក ខេត្ត ទេម៉្លេះសមពុំមានវត្តមានរបស់ឯកឧត្តមចូល​មកជួបសំណេះសំណាល ជាមួយបងប្អូនដែរ ព្រោះរឿង​សំណូម​ពររបស់បងប្អូនប្រជាពលរដ្ឋបានដឹងដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន​ហើយបានចាត់ឱ្យឯកឧត្តម​មកថ្ងៃនេះ ដើម្បីសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ដេចមានមនោសញ្ចេតនា ជ្រាលជ្រៅ និងយកចិត្ត​ទុកដាក់ចំពោះបងប្អូនខ្លាំងណាស់។

ឯកឧត្តមបានបញ្ជាក់ថាបើបងប្អូនពិតជាចង់បង្កើនផលលើដីតំបន់៣ ដែលធ្លាប់ធ្វើពីមុនមក ហើយចាប់ពីថ្ងៃពុធខានស្អែ​ក​នេះទៅ ត្រូវមកដាក់ពាក្យស្មើសុំនៅសាលាឃុំ ហើយធ្វើកិច្ច​សន្យាឱ្យបានត្រឹមត្រូវច្បាស់លាស់ មិនអាចសុំធ្វើមួយរដូវ​ហើយមួយ​រដូវទៀត​នោះទេ។ ជាមួយគ្នានេះអាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវយកចិត្តទឹកដាក់លើពាក្យស្មើសុំរបស់បងប្អូន​ប្រជា​ពលរដ្ឋដែល​រស់នៅក្នុងភូមិ​ច្រណូកពិតប្រាកដ ។ហាមមាន​ប្រជាពលរដ្ឋលំហូរចូលពីខេត្តដទៃ មកទន្រ្ទានយកដីបន្ត​ទៀត៕

ដោយសុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner