កន្ត្រកខ្សែកាបចិន ផ្តល់បទពិសោធន៍ប្លែកដល់ភ្ញៀវទេសចរ

ប៉េកាំង៖ ទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន ដែលជាទីក្រុងមានទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត ឥឡូវនេះកំពុងទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើន ដែលចង់ទទួលបានបទពិសោធន៍ថ្មីពីការជិះកន្ត្រកខ្សែកាបឆ្លងទន្លេ Yangtze ។

កន្ត្រកខ្សែកាប ដែលដាក់ឱ្យដំណើរការកាលពីឆ្នាំ ១៩៨៧ ដើមឡើយត្រូវបានគេប្រើប្រាស់ជាឧបករណ៍ដឹកជញ្ជូនសាធារណៈ សម្រាប់ប្រជាជនក្នុងតំបន់ដើម្បីឆ្លងកាត់ទន្លេ ប៉ុន្តែគេបានបង្វែរមកដឹកភ្ញៀវ វិញ ហើយវាកំពុងក្លាយជាទីទាក់ទាញអារម្មណ៍របស់អ្នកទេសចរ ទាំងក្នុង និងក្រៅប្រទេស។

សារព័ត៌មានចិន CGTN បានឱ្យដឹងដែរថា ឡានខ្សែកាបឆ្លងកាត់ទន្លេ Yangtze ក្នុងទីក្រុង Chongqing មានប្រវែងសរុប ១,១៦៦ម៉ែត្រ ធ្វើដំណើរក្នុងល្បឿន ៦ម៉ែត្រក្នុងមួយវិនាទី និងមានរយៈពេលធ្វើដំណើរមួយដង ៤នាទី ៣០វិនាទី។ ឡានខ្សែកាបនេះមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមា ៦៥នាក់ ជាមួយនឹងបរិមាណអ្នកដំណើរប្រចាំថ្ងៃ ១០,៥០០នាក់។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកម្មវិធីទេសចរណ៍តាមអ៊ីនធឺណិតផ្សេងៗគ្នាបានឱ្យដឹងថា ទីក្រុង Chongqing មានចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ជីទិសដៅទេសចរណ៍ពេញនិយមបំផុត ក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវចិនឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ។

ប្រភព៖ Xinhua និងCGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner