ចិនរកលុយបាន ២១៥ពាន់លានដុល្លារ ក្លាយជាប្រទេសលក់ស្រាធំបំផុតរបស់ពិភពលោក

ប៉េកាំង៖ ការសិក្សាថ្មីមួយរបស់អង្គការ World Spirits Alliance (WSA) បានរកឃើញថា ប្រទេសចិនបាននាំមុខគេក្នុងការលក់គ្រឿងស្រវឹងជាសកលក្នុងឆ្នាំ ២០២២ ខណៈដែលរបាយការណ៍ក្នុងឆ្នាំ ២០២៣ នៅពុំទាន់មានប្រភពទម្លាយឱ្យដឹងនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT។

អង្គការ WSA បានបញ្ជាក់ថា ឧស្សាហកម្មគ្រឿងស្រវឹងបានចូលរួមចំណែករហូតដល់ ៧៣០ពាន់លានដុល្លារដល់ផលិផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយបានបង្កើតការងារដល់បុគ្គលិកចំនួន ៣៦លាននាក់នៅទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍ ដែលមានចំណងជើងថា ‘Spirits: Global Economic Impact Study 2024’ របស់ខ្លួន អង្គការ WSA បានគូសបញ្ជាក់ថា ឧស្សាហកម្មគ្រឿងស្រវឹងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជំរុញកំណើនសេដ្ឋកិច្ច, បង្កើតចំណូលពន្ធសំខាន់ៗ និងបង្កើតឱកាសការងាររាប់លានកន្លែងនៅជុំវិញពិភពលោក។

របាយការណ៍ដដែលបានឱ្យដឹងថា ចិនបានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក ជាប្រទេសលក់ស្រានៅលើទីផ្សារធំជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទឹកប្រាក់ប្រហែល ២១៥ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ដែលដាក់ចំណាត់ថ្នាក់ប្រទេស ដែលផ្អែកលើបរិមាណនៃការលក់គ្រឿងស្រវឹង។ តាមពីក្រោយដោយសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ។ អង្គការមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះ បានបន្ថែមថា ឥណ្ឌា និងរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងបរិមាណនៃការលក់គ្រឿងស្រវឹង មានទឹកប្រាក់ប្រហែល ២០ពាន់លានដុល្លាររៀងៗខ្លួន។

ឧស្សាហកម្មគ្រឿងស្រវឹងបង្កើតបានប្រាក់ចំណូលពន្ធរហូតដល់ ៣៩០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ទន្ទឹមគ្នា ក្រុមហ៊ុនផលិតគ្រឿងស្រវឹងក៏បានចំណាយប្រាក់ប្រហែល ១២០ពាន់លានដុល្លារ ទៅឱ្យអ្នកផ្គត់ផ្គង់របស់ពួកគេផងដែរ ដែលថវិកាជាងពាក់កណ្តាលបានជួយដោយផ្ទាល់ទៅដល់វិស័យកសិកម្ម៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner