អភិបាលខេត្តស្ទឹងត្រែង៖ ផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមដាំដើមឈើ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋសូមចាប់ដៃដាំដើមឈើ។ឯកឧត្តមបន្តថា ដាំដើមឈើផ្តើមចេញពីយើងទាំងអស់គ្នា។ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្ការស្ថានភាពគ្រោះថ្នាក់ផ្សេងៗ ពីការបម្រែបម្រួលអាកាសធាតុ និងផ្តល់នូវភាពបៃតង។យើងត្រូវនាំគ្នាចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើគ្រប់រូបភាព ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យព្រះបាទ នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងក្រោមវត្តមានចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម សរ សុពុត្រា បន្តថា យើងទាំងអស់គ្នា ត្រូវបន្តអនុវត្តគោលការណ៍”គូស្វាមីភរិយាថ្មី១គូ ដាំដើមឈើ១ដើម “និង”ប្រជាពលរដ្ឋមួយរូបដាំដើមឈើ១ដើម “។
ក្នុងព្រឹត្តិការណ៍នេះដែរ មន្ទីរកសិកម្មដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ជាសេនាធិការ បានបណ្តុះកូនឈើចម្រុះចំនួន១១ ០០០ដើម ក្នុងនោះមាន កូនគ្រញូងចំនួន៤០០០ដើម កូនដើមក្ងោកចំនួន៣៥០០ដើម កូនឈើបេងចំនួន២ ៥០០ដើម កូនឈើធ្នង់ចំនួន៣០០ដើម នាងនួន៣៥០ដើម កូនព្រីងចំនួន ៣០០ដើម និងលឿងរាជចំនួន៥០ដើម សម្រាប់ដាំនិងចែកចាយជូនប្រជាពលរដ្ឋ មន្ទីរ ស្ថាប័នផ្សេងៗទៀតយកទៅដាំតាមទីសាធារណៈ សួនច្បារ វត្តអារាម និង សាលារៀន ជាដើម ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានលើកឡើងថា ឆ្នាំ២០២៤ នេះ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ពិធីរុក្ខទិវា ៩កក្កដា បានរៀបចំដាំដើមឈើប្លែកជាងបណ្តាឆ្នាំមុនៗ ។ឆ្នាំនេះភាគច្រើនដាំដើមក្ងោកនៅតាមដងផ្លូវដើម្បីលំអទីក្រុង ។រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្ទឹងត្រែង ក៏ដូចជាមន្ទីរកសិកម្ម មានមហិច្ឆតាចង់ប្រែក្លាយខេត្តស្ទឹងត្រែងទាំងមូលទៅជាតំបន់ផ្ការីកស្រស់ឆើតឆាយ ឬជាទីក្រុងបុប្ផា( City Flower) នាថ្ងៃអនាគត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តភាគឦសានមួយនេះឱ្យបានច្រើនបន្ថែមទៀត ៕
ដោយ៖ដេង ម៉ាវិន