កម្ពុជា ត្រូវការភាគីអ្នកជំនាញពាក់ព័ន្ធ ដើម្បីសហប្រតិបត្តិការ និង ចែករំលែកចំណេះដឹងក្នុងការថែទាំសុខភាពសមុទ្រ

ភ្នំពេញ៖ ការការពារបរិស្ថាន និង ជីវចម្រុះសមុទ្រ ជាកិច្ចការមួយសំខាន់ ហើយកម្ពុជាស្វាគមន៍ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំ​សុខភាព​សមុទ្រ។ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការ​មិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។

នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួង​បរិស្ថាន ក្នុងពិធីបើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើង​ដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងក្នុងវេទិការនេះថា៖«កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់​ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។

ទាក់ទិនក្នុងរឿងនេះឯកឧត្តម អ៊ាង សុផល្លែតបាននិយាយដែរថា”ការចោល​សំរាម​ក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅ​ទូទាំងពិភពលោក។ប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាច​លុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។ដើម្បីអភិរក្ស និងប្រើ​ប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រ​សម្រាប់​ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងនិងក៏ដូចជារបស់​ប្រទេសទាំងអស់”។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងដែរថា៖បើក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានចំនួន ៧៤,១ ភាគ​រយក្នុងរយៈពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើ​គ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹង​ប៉ះពាល់​ដល់​បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា។ ស្ថិតិរបស់អង្គការសហប្រជាជាតិបាន​ចេញផ្សាយកន្លងមក បានបង្ហាញថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនប្លាស្ទិក នឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ។

គួរបញ្ជាក់ថាបើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានបញ្ជាក់ប្រាប់AMSកន្លងមកថាក្នុងទឹកសមុទ្រកម្ពុជា​ក៏មាន​សំរាមយ៉ាងច្រើនមិនចាញ់តាមទន្លេនោះឡើយ។សម្រាប់ទីតាំងដែលចោល​សំរាមច្រើនមានទីប្រជុំជនក្នុងនេះដូចជានៅខេត្តកោះកុងស្ថិតនៅត្រង់កោះស្តេច កោះស្នេហ៍ និងនៅក្រុងព្រះសីហនុវិញក៏ច្រើនដែរភាគច្រើន​តាមតំបន់​ទីវាលដែលគេធ្លាប់ចោលសំរាមកន្លងមក។

លោកថាបើទោះបីសំរាមជាច្រើនត្រូវបានគេដឹងថាធ្លាក់ក្នុងសមុទ្រជារៀងរាល់ថ្ងៃនិងរៀងរាល់ឆ្នាំនិងបើ តាមការប៉ាន់ប្រមាណគឺរាប់សិបតោន​ក្នុងមួយឆ្នាំៗ​ធ្លាក់ចូលសមុទ្រ។

ដោយឡែកទាក់ទិននឹងសំរាមនៅទន្លេវិញត្រូវបានលោកនូសុវណ្ណ ប្រាប់ឱ្យដឹងដែរថា”ចាប់តាំងតែពីការបង្កើតអង្គការមកដល់ពេលនេះសំរាមប្រមាណជាង១៧៥០តោនត្រូវបានប្រមូលចេញពីទន្លេទាំងបីដូចជា ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner