បង់ក្លាដែសចាប់ខ្លួនមនុស្សកើនដល់ ២,៥០០នាក់ ក្រោយផ្ទុះបាតុកម្ម

ដាកា៖ ចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទិនអំពើហិង្សានៅក្នុងប្រទេសបង់ក្លាដែស បានកើនលើសចំនួន ២,៥០០នាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាដ៏កក្រើកពាក់ព័ន្ធនឹងកូតាការងារ ដែលបានបង្កឱ្យមានភាពចលាចលរីករាលដាលពាសពេញផ្ទៃប្រទេស។

អាជ្ញាធរបង់ក្លាដែសបានចាប់ខ្លួនមនុស្សកើនឡើងជាង ២,៥០០នាក់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ រួមទាំងមន្រ្តីប៉ូលីសជាច្រើននាក់ ក្រោយផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងកូតាការងារកាលពីសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ទាក់ទិនអំពើហិង្សាដែលបានផ្ទុះឡើង ក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិត ប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ដោយបាននិយាយថា បម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។

គិតមកទល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសបង់ក្លាដែសហាក់វិលទៅរកប្រក្រតីឡើងវិញ បន្ទាប់ពីតុលាការកំពូលបានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ា និងបានយល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី ៥៦ភាគរយ មកនៅត្រឹម ៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯករាជ្យឱ្យប្រទេសជាតិ។

បច្ចុប្បន្នកន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដែសទូទៅដែលមានសមត្ថភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner