សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម កម្ពុជា ទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះ រួមមាន៖ ទី១- ជម្រើសផ្នែកសេដ្ឋកិច្ចដ៏ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ, ទី២- បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាម និងឡាវ, ទី៣- កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស និង ទី៤- សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដែរថា រាជរដ្ឋាភិបាល នឹងខិតខំសាងសង់នូវផ្លូវឆ្ពោះទៅកាន់មុំ៣ ជាប់ព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឱ្យបានឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់ នោះផងដែរដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង៣។

ជាមួយគ្នានេះ សម្តេចតេជោ សង្ឃឹមថា រាជរដ្ឋាភិបាលនឹងខិតខំកសាងផ្លូវជាតិលេខ៧៨ ឱ្យបានឆាប់ៗនេះ។ វឌ្ឍនភាពនៅទីនេះ មានច្រើន ដោយគ្មានការដោះដូរ អធិតេយ្យភាពរវាងប្រទេសទាំង៣ នោះឡើយ ។

សូមជម្រាបថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ រួមមានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner