សម្តេចតេជោ ហ៊ុន សែន ព្រមានថា មិនមានករណីបន្ថូរបន្ថយទោសចំពោះអ្នកបំផុសបំផុលរឿងលក់ខេត្ត ៤ឱ្យទៅវៀតណាម

ភ្នំពេញ៖ យោងតាមសារពិសេស ថ្លែងផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យអ្នកដែលចោទប្រកាន់សម្តេច និងសម្តេចធិបតីថា បានលក់ខេត្ត៤ ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរ ព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមថា មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា ក៏នឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរបង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។ សម្តេច ថា ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង។

ក្នុងឱកាសថ្លែងសារពិសេសនេះ សម្តេចតេជោ បានលើកឡើងថា ហេតុអ្វីកម្ពុជា មិនអាចអនុវត្តច្បាប់របស់ខ្លួនបាន ខណៈប្រទេសមួយចំនួនអាចធ្វើបាន ដូច្នេះសម្តេច ស្នើមិត្តបរទេសមួយចំនួន យល់អំពីកម្ពុជា។

សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជា ត្រូវការសន្តិភាព និងស្ថិរភាពនយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង ព្រមទាំងបានប្រកាសថាកម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរ បង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ ។ ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ ដូច្នេះមិនអាចលើកលែងចំពោះអ្នកណាដែលមានបំណងបង្កអសន្តិសុខដល់បប្រទេសជាតិឡើយ។

សូមជម្រាបជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ រួមមានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង) ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner