ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត និងបន្តទុកឱ្យកូនចៅរាប់ពាន់ឆ្នាំទៅមុខទៀត

កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត ហើយនិងបន្តទុកឱ្យកូនចៅរាប់ពាន់ឆ្នាំទៅមុខទៀត សំរាប់ការប្រើប្រាស់ បង្កើនជីវភាពរស់នៅ បង្កើនចំណូលជូនជាតិ ខណៈដែលមនុស្សប្រមាណជាង ១លានដែលរស់នៅតាមសងខាងព្រែកជីកនេះ និងទទួលបាននូវសម្មទ្ធិផលជាច្រើន ទាំងកសិកម្ម ទាំងវិស័យដឹកជញ្ជូនពហុបំណង រួមទាំងធនធានធម្មជាតិ នៅក្នុងទឹក ក៏ដូចនៅសងខាងព្រែកជីក គឺនិងផ្តល់សក្តានុពលធំធេងដល់ប្រជាជនកម្ពុជា។

ប្រសាសន៍លើកឡើង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត ជូនយោធិននៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងបន្តថា ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺដោយមានការចូលរួមយ៉ាងសកម្មពីប្រជាជនទូទាំងប្រទេសនិយាយដោយឡែក និងនិយាយជារួមនៅជុំវិញពិភពលោក ក៏មានការចូលរួមផងដែរ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ យើងមើលឃើញហើយ នៅក្នុងបណ្តាញសង្គមគឺមានការគាំទ្រ មិនថាតែប្រជាជននោះទេ សូម្បីតែកងកម្លាំង ក្នុងនោះមានយោធាខេត្តកណ្តាបានចូលរួមអបអរសាទរផងដែរ ។

ឯកឧត្តម មេបញ្ជាការក៏បាន ណែនាំថា នៅគ្រប់បណ្ដាកងឯកភាពចំណុះ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដាអង្គភាពនីមួយៗឱ្យមានភាពអធិកអធម និងមហោឡារិក ដោយត្រូវរៀបចំពិធីវាយជួង ទូងស្គរ គោះរគាំង ឱ្យបានព្រមៗគ្នា ក្នុងពេលវេលាតែមួយដើម្បីអបអរសាទរក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner