ឯកឧត្តម កែវ រ៉េមី ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប

ភ្នំពេញ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយភាពឆ្លាតវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយជាអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអាទិភាពសំខាន់ផ្តោតលើ «ការអភិវឌ្ឍមូលធនមនុស្ស» ក្នុងមុំទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលឈរក្នុងស្មារតីដ៏មានសារសំខាន់ ពោលគឺមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ស្រ្តីជនជាប់ឃុំ ដែលមានផ្ទៃពោះ និងមានកូនតាមម្តាយ ដោយត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម កែវ រ៉េមី បន្តថា ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព នៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឲ្យកាន់តែប្រសើរ។ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល និងបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់តាមបន្ទប់ស្នាក់នៅ និងប៉ុស្តិ៍សុខភាពផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner