លោកជំទាវ សេង សុមេត្តា ៖ ពិព័រណ៍ផ្ទាំងគំនូរមាស ឆ្លុះបញ្ចាំងពីការអភិរក្ស លើកកម្ពស់ភាពចម្រុះនៃសិល្បៈវប្បធម៌ និងបែបទំនើប

(ភ្នំពេញ)៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ពិព័រណ៍ផ្ទាំងគំនូរមាស បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងលើកកម្ពស់ភាពចម្រុះនៃសិល្បៈវប្បធម៌ ហើយក៏ទទួលយកនូវការការបង្ហាញសិល្បៈសម័យទំនើបផងដែរ ។ តាមរយៈស្នាដៃសិល្បៈដែលដាក់តាំងបង្ហាញនេះ ធ្វើឱ្យយើងបានឃើញពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់សិល្បករខ្មែរ និងកូរ៉េ ហើយស្នាដៃសិល្បៈទាំងនេះបានបំផុសគំនិត និងក្រើនរំឭកយើងអំពីភាពស្រស់ស្អាតដែលស្ថិតនៅក្នុងភាពចម្រុះរបស់យើងផងដែរ ។ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ “The Gold Art Exhibition Exchange Cultural Event” នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ ពិធីបើកពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ ដែលជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ ។

លោកជំទាវ សេង សុមេត្តា មានប្រសាសន៍បន្ថែមថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ ហើយក៏បានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ ក្នុងរយៈពេលជាង ២៦ឆ្នាំ មកនេះ ប្រទេសទាំង២ បានបោះជំហានជាវិជ្ជមានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានផ្ដល់នូវផ្លែផ្កាជាច្រើនសម្រាប់ប្រជាជន និងប្រជាជាតិទាំង២។ ជាក់ស្តែងណាស់ ពិធីតាំងពិព័រណ៍នេះ មិនត្រឹមតែជាការដាក់តាំងបង្ហាញសិល្បៈគំនូរប៉ុណ្ណោះទេ តែវាក៏ជាសក្ខីកម្មនៃមិត្តភាពដ៏គង់វង្សរវាងប្រទេសទាំងពីរផងដែរ។


 
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងដែនដី លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករៀបចំកម្មវិធី សិល្បករ និងអ្នកចូលរួមចំណែកទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅដោយជោគជ័យ។ ជាការពិតណាស់ ការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការរៀបចំពីធីនេះ បានបង្កើតជាវេទិកាក្នុងការសន្ទនា ផ្លាស់ប្តូរ និងកិច្ចសហការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត ហើយពិសេសជាងនេះទៅទៀត ប្រាក់ចំណូលដែលបានមកពីការតាំងពិពរណ៌នេះ មួយចំណែកនឹងត្រូវបរិច្ចាគដល់មូលនិធិគន្ធបុប្ផា ក្នុងយុទ្ធនាការ “មួយម៉ឺនរៀល – មួយម៉ឺននាក់”។ ការរួមចំណែកនេះ នឹងជួយដល់អង្គភាពទាំងពីរ ក្នុងការបន្តការងារដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ពួកគេ និងផលវិជ្ជមានដល់សុខមាលភាពរបស់កុមារកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner