ស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅបើកកិច្ចប្រជុំរួមគ្នា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ក្នុងគោលដៅរួម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំរួមគ្នាជាលើកទីពីរដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានស្រុកនិងខណ្ឌនិយាយរួម បើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ។

កិច្ចប្រជុំ រួមជាលើកទីពីរនេះបានធ្វើឡើងក្រោមវត្តមានលោកអ៊ូឈាង ប្រធានក្រុមប្រឹក្សាស្រុក លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ , លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅនឹងមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ-ស្រុក , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់មានព្រំប្រទល់ជាប់គ្នា ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ និងលោក ឡូវសុខសាន្ត អភិបាលស្រុកកៀនស្វាយបានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងពីរ ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងពីរ បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់ កម្លាំងគណៈបញ្ជាការទាំងពីរប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ។ មួយថ្ងៃទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ
គណៈបញ្ជាការឯកភាពទាំងពីរបានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ ពីផលប៉ះពាល់ដោយសារការញៀន ល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់នេះគឺជាផ្នែកមួយនៃការជំរុញឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីមានការភ្ញាក់រឭកតាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពទាំងពីរបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូតាមអនឡាញជាដើម ។ ការចូលរួមរបស់បងប្អូនគឺមានន័យថាបងប្អូនបានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងមួយផ្នែកទៀតបងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងប្រទេស ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner