ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ជំរុញដល់មន្រ្តី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោត ដែលជារុក្ខជាតិខ្មែរ សម្រាប់យកទៅដាំដុះ នៅតាមតំបន់សំខាន់ៗ

(កំពង់ឆ្នាំង)៖ ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាន បានជំរុញដល់មន្រ្តី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោតដែលជារុក្ខជាតិខ្មែរ សំរាប់យកទៅធ្វើការដាំដុះ នៅតាមតំបន់សំខាន់ៗ អាចបង្កើតជាសក្តានុពលរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនតចំណូលចូលសហគមន៍ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបែបនេះ ខណៈជួបសំណេះសំណាល មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ និងដើម្បីរួមចំណែក ដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព និងសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យមន្រ្តីបន្តពង្រឹងសមត្ថភាព ធ្វើអ្វីឲ្យច្បាស់ ឲ្យល្អ មានគុណភាព ភាពរឹងមាំ និងត្រូវចូលរួមធ្វើការប្តជ្ញាចិត្ត អនុវត្តនូវការងារទទួលបានជោគជ័យ ពិសេសត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្ត ឱ្យមានស្មារតីនៃអ្នកបរិស្ថាន ជំរុញឱ្យភាពស្អាតក្លាយជាចលនា កាត់បន្ថយប្លាស្ទិកបន្តិចម្តងៗឱ្យអស់នៅក្នុងពេលខាងមុខ និងជំរុញការបណ្តុះនិងចែកកូនឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង។

ឯកឧត្តម រដ្ឋមន្រ្តី បណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តមន្រ្តី ឱ្យចូលរួមតាមដាន និងបន្តអនុវត្តការងារការពារវិស័យបរិស្ថានយើងនៅតាម ទីតាំងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមរយៈវិធានការទាំង៤ចម្បងៗដែលក្រសួងបានដាក់ចេញ តាមការចង្អុលណែនាំនិងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner