ចាប់ខ្លួនមន្ត្រីគ្រឿងញៀនខេត្តស្ទឹងត្រែងបីនាក់ (Video Inside)

មន្ត្រីនគរបាលបីនាក់ នៃការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធគ្រឿងញៀន, ប្រាក់ដុល្លារក្លែងក្លាយ និងករណីចោរកម្មថែមទៀត។

មន្ត្រីនគរបាលទាំងបីដែលបានចាប់ខ្លួន គឺម្នាក់ជានាយការិយាល័យគ្រឿងញៀន និង២នាក់ ទៀតជាអនុប្រធាន។

អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ បានអោយដឹងនៅថ្ងៃទី២៤ កក្តដា ២០២៤ នេះថា មន្ត្រីនគរបាលទាំងបី ដែលត្រូវកងកម្លាំងរាជអាវុធហត្ថខេត្ត ចាប់ខ្លួននោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។

គេបានដកហូតគ្រឿងញៀន ៣,១៧ក្រាម, ប្រាក់ដុល្លារក្លែងក្លាយ ១៧ម៉ឺន ៨ពាន់ ១០០ដុល្លារ, ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ, ទូរស័ព្ទដៃ ៥គ្រឿង, រថយន្តម៉ាកហាយឡិនឌ័រ ១គ្រឿង និង អាវុធខ្លី ១ដើម និងគ្រាប់ ៣៤គ្រាប់។

មន្ត្រីនគរបាលទាំងបីនាក់នេះ បានជាប់ពាក់ព័ន្ធ នឹងអំពើលួច និងកាត់ខ្សែភ្លើងថែមទៀត។ ការចាប់ខ្លួនមន្ត្រីនគរបាលទាំងបីនាក់នេះ បានធ្វើឡើង ក្រោយមានសម្តីសារភាពរបស់ជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់មន្ត្រីនគរបាលទាំងបីនាក់នោះ។

មន្ត្រីនគរបាលទាំងបីត្រូវបានគេបញ្ចេញអត្តសញ្ញាណរួមមានឈ្មោះ ចែម ផានិត ឋានៈវរសេនីយ៍ឯក, ឈ្មោះ ចន្ទ រដ្ឋា ឋានៈវរសេនីយ៍ត្រី និងឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី។

ads banner