អង្គការមូលនិធិ ថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា ផ្តល់ផលិតផល អាហារ​សុខភាព ដល់អ្នករងផលប៉ះពាល់ និង រស់នៅជាមួយមេរោគអេដស៍ ជាង ១៥០នាក់

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅទូទាំងពិភពលោក ដែលមាននៅក្នុង ៤៧ប្រទេស ក្នុងទ្វីបអាហ្រ្វិក អាស៊ី អាមេរិក និងអឺរ៉ុប ជាមួយនឹងការបន្តប្រើប្រាស់គំរូនៃការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាព និងប្រសិទ្ធភាពទៅដល់សហគមន៍ ដែលមានតម្រូវការដោយការផ្តល់នូវការថែទាំវេជ្ជសាស្រ្តគ្រប់ជ្រុងជ្រោយ ការព្យាបាល ការធ្វើតេស្តរកមេរោគអេដស៍បានសម្រេចសមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានផ្តល់ឱសថ និងថែទាំអ្នកជំងឺអេដស៍បាន ២លាននាក់ ដោយមិនគិតលទ្ធភាពបង់ប្រាក់។

ដើម្បីជាការអបអរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ អង្គការមូលនិធិ ថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ បាន រៀបចំពិធីអបអរ ជាមួយនឹងការផ្តល់ជាអំណោយ ដែលជាផលិតផល អាហារសុខភាព របស់គម្រោងអាហារសុខភាពដល់ប្រជាពលរដ្ឋជាង ១៥០នាក់ រួមមាននៅក្នុងមណ្ឌលកុមារកំព្រា អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ ដែលកំពុងត្រូវការការថែទាំ និងព្យាបាល។

ពិធីនេះដែរបានធ្វើឡើងកសិដ្ឋានអាហារសុខភាពនៅកសិដ្ឋានគម្រោងអាហារសុខភាព នៅភូមិព្រែកត្រែង ឃុំសម្រោងធំ សុ្រកកៀនស្វាយ ខេត្តកណ្តាល។

ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា រួមទាំងមានការចូលរួមពីបុគ្គលិករដ្ឋាភិបាល និងប្រជាពលរដ្ឋជាង ១៥០នាក់ រួមមានមណ្ឌលកុមារកំព្រាចំនួន៣ ក្មេងស្រី ក្រុមបុរសស្រឡាញ់បុរស អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ចំនួនជាង២០០នាក់។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឈានដល់ដំណាក់កាលដ៏អស្ចារ្យដែលបានជួយដល់មនុស្ស ២លាននាក់ ក្នុងការថែទាំទូទាំងពិភពលោក ដែលអាចធ្វើទៅបានដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យដែលបានប្តេជ្ញាចិត្តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទាំងមូល រួមទាំងលោក Michael Weinstein ជាប្រមុខដឹកនាំផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់ដៃគូ អតិថិជន និងបុគ្គលិកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទាំងអស់ជុំវិញពិភពលោក សម្រាប់ការលះបង់ខ្ពស់ កិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាដៃគូ យើងសូមអបអររួមគ្នា និងត្រួសត្រាយផ្លូវដើម្បីសម្រេចក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។

លោកវេជ្ជបណ្ឌិត បានបន្ថែមថាចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៨៧ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឈានមុខគេក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកល ដោយផ្តល់នូវសេវាកម្មសំខាន់ៗ ការតស៊ូមតិ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់អង្គការក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់អ្នកដែលរងផលប៉ះពាល់ និងអ្នករស់នៅដោយមេរោគអេដស៍/ជំងឺអេដស៍។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោក បានបោះជំហានដល់ការទទួលបានសមិទ្ធផល ២លាននាក់ រស់នៅក្នុងការថែទាំ គឺជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នាក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគ្លីនិក និងសម្ភារៈបរិក្ខារដែលមាននៅប្រទេសចំនួន៤៧ ទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាស៊ី អាមេរិក និងអឺរ៉ុប អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅតែបន្តប្រើប្រាស់គំរូ ការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាព និងប្រសិទ្ធភាព និងទៅដល់សហគមន៍ដែលមានតម្រូវការដោយការផ្តល់នូវការថែទាំវេជ្ជសាស្រ្តដ៏គ្រប់ជ្រុងជ្រោយ ការព្យាបាល ការធ្វើតេស្តរកមេរោគអេដស៍ ការបង្ការ និងថែទាំគាំទ្រ។

ពេលនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមេរោគអេដស៍/ ជំងឺអេដស៍ នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការតស៊ូមតិដើម្បីទទួលបានការព្យាបាល និងការថែទាំមេរោគអេដស៍សម្រាប់អ្នកគ្រប់គ្នាដែលត្រូវការ ហើយទាមទារឲ្យក្រុមហ៊ុន Big Pharma ត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់គេ។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័រ៖ www.aidshealth.org ៕​

ដោយ​ ៖​ ជីម​ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner