ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធាន IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការងារទេសន្តរប្រវេស៍

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំង ការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និង ជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជាទទួលបានជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុម ប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។

ជាការឆ្លើយតប លោកស្រី Kristin Parco សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថាកិច្ច សហការដ៏ស្អិតល្មួតនេះនឹងបន្តទៅមុខទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់ អង្គការ IOM ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner