ក្រសួងអប់រំ មិនគាំទ្រ និងអនុញ្ញាតឲ្យមានការប្រកួត World Cup Kabaddi នៅកម្ពុជាឡើយ ព្រោះជាអំពើខុសច្បាប់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាឡើយ ព្រោះជាអំពើខុសច្បាប់ ។
នេះបើយោងតាមលិខិតឆ្លើយតបរបស់ក្រសួង ទៅកាន់លោក S.T.Arusu អគ្គលេខាធិការ World Cup Kabaddi ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងលិខិតខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានទទួលការស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតពិភពលោក ប្រភេទកីឡា Kabaddi ខាងលើនោះទេ ដូច្នេះសូមលោកអគ្គលេខាធិការ(លោក S.T.Arusu) ជ្រាបថា៖
១. ក្រសួងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះ មិនទាន់បង្កើតសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ ។
២. បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា គឺជាអំពើខុសច្បាប់ ។
៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំការប្រកួតនេះដែរ ។
៤. រាជរដ្ឋាភិបាល ក៏មិនទាន់បានអនុញ្ញាតឲ្យរៀបចំការប្រកួតនៅឡើយ ដូចនេះ ការត្រៀមរៀបចំការប្រកួតខាងលើ មិនស្របច្បាប់ទេ ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោកអគ្គលេខាធិការ World Cup Kabaddi អនុវត្តតាមការគួរ ៕
ដោយ ៖ ជាវ ចន្ធូ