ព្យុះ Gaemi នៅហ្វីលីពីន ដាច់ភ្លើង បិទសាលា លុបចោលជើងយន្តហោះ

ម៉ានីល៖ ភ្លៀងធ្លាក់ឥតឈប់ឈរ នៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ បង្កឲ្យមានទឹកជំនន់ នៅរដ្ឋធានីម៉ានីល និងការបាក់ដី យ៉ាងធ្ងន់ធ្ងរ ខណៈដែលព្យុះទីហ្វុង Gaemi បានបង្កើនឥទ្ធិពលខ្យល់មូសុង តាមរដូវ។

ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយ ពាសពេញរដ្ឋធានី ដែលមានប្រជាជនរស់នៅច្រើន ដើម្បីជួយជម្លៀសប្រជាជន ចេញពីផ្ទះទាប បន្ទាប់ពីមានភ្លៀងធ្លាក់ បានប្រែក្លាយផ្លូវ ទៅជាទន្លេ ជន់លិចយានយន្ត។

អ្នកស្រុកម្នាក់បានប្រាប់ថា កម្រិតទឹកបានឈានដល់ជាន់ទីពីរ នៃផ្ទះរបស់គេ។ បុគ្គលិកភោជនីយដ្ឋាន បាននិយាយថា មិនអាចធ្វើការបានទេ ដោយសារកម្រិតទឹកជំនន់ ខ្ពស់ណាស់ ។

ការិយាល័យរដ្ឋាភិបាលនានា ត្រូវបានបិទ ហើយថ្នាក់រៀន ត្រូវបានផ្អាក ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ១០០ ត្រូវបានលុបចោល ហើយអតិថិជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើ ដោយសារតែអាកាសធាតុ។

ផ្សារទំនើប និងព្រះវិហារមួយចំនួនបានផ្តល់ជម្រកបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។អាជ្ញាធរជំនាញបានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ៕

ពុំទាន់មានការបញ្ជាក់ ពីចំនួនមនុស្សស្លាប់ ឬ របួស ពីព្យុះនេះ នៅឡើយទេ។ ជារៀងរាល់ឆ្នាំ ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ លើកបានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner