អាមេរិកបាតុកម្មប្រឆាំងទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

អាមេរិក៖ មនុស្សរាប់ពាន់នាក់បានចេញមកធ្វើបាតុកម្ម ប្រឆាំងនឹងដំណើរទស្សនកិច្ច របស់លោក Netanyahu នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល ហើយជាការតវ៉ា មុនពេលដែលលោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថា នៅសភាអាមេរិក។

ក្រុមសកម្មជនបានប្រមូលផ្តុំគ្នា នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ ដោយបានអំពាវនាវឱ្យមានបទឈប់បាញ់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

អ្នករៀបចំបាតុកម្មបានប្រាប់ AFP ថា «យើងមកទីនេះ នៅថ្ងៃនេះ ដើម្បីនិយាយថា ប្រជាជនអាមេរិកបដិសេធវត្តមានរបស់ឧក្រិដ្ឋជនសង្រ្គាម នៅទីនេះ»។

បាតុករម្នាក់ទៀតថា «ខ្ញុំមានអារម្មណ៍ថា ខកចិត្តខ្លាំងណាស់ ដែលប្រធានសភាអាមេរិក បានសម្រេចចិត្តអញ្ជើញមេដឹកនាំរូបនេះ មកសភា»។ បដារបស់បាតុករ មានសរសេររៀបរាប់ថា «សូមស្វែងរកសន្តិភាព» និងខ្លះទៀតថា «ចាប់ខ្លួនឧក្រិដ្ឋជនសង្គ្រាម»។ ក្រៅពីនេះ មានសកម្មភាពជាច្រើនទៀត ដូចជា ការដុតទង់ជាតិ និង រូប តុកត្តា ជាដើម។

ប្រធានអង្គការ Doctors Against Genocide ដែលបានចូលរួមផងដែរ បានប្រាប់ AFP ថា «យើងមានការភ័យរន្ធត់ នឹងការបំផ្លិចបំផ្លាញប្រព័ន្ធសុខាភិបាល នៅហ្គាហ្សា»។

យ៉ាងណាមិញ បាតុករមួយចំនួនត្រូវបានចាប់ខ្លួន ខណៈដែលមានការប៉ះទង្គិចគ្នា រវាងបាតុករ និងនគរបាលអាមេរិក។

ជាមួយគ្នានេះ កំលុងពេលថ្លែងសុន្ទរកថា នៅក្នុងសភាអាមេរិក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu អំពាវនាវដល់សហរដ្ឋអាមេរិកស្វែងរកជំនួយផ្នែកយោធាយ៉ាងឆាប់រហ័ស ដល់ប្រទេសរបស់លោក ដើម្បីជួយបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner