ក្រុមអ្នកជំនាញ៖ការជួសជុលប្រាសាទបុរាណគឺចង់ឱ្យស្នាដៃដូនតានៅគង់វង្ស គ្រប់ជំនាន់

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិត​ខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមាន​អាយុ​កាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ នៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។

លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ហើយក៏ជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិច នៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។

ទាក់ទិនក្នុងរឿងនេះ លោក សុផល បានបញ្ជាក់ប្រាប់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។

ក្នុងចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។

លោក ធ្លក សុខ អាយុ ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទបុរាណប្រមាណជិត ១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមអ្នកជំនាញបានធ្វើការជួសជុលប្រាសាទជាច្រើននៅក្រុងសៀមរាប ក៏ដូចជាតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យប្រាសាទបុរាណខ្មែរដែលទទួលរងការបាក់បែកផ្លាស់ប្តូរមកឈរត្រដែត និងរស់រវើកឡើងវិញដើម្បីជាទីទាក់ទាញដល់ភ្ញៀវទេសចរទាំងក្នុងប្រទេសក៏ដូចជាបរទេស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner