ឯកឧត្តមបណ្ឌិតថោង ខុន និង ឯកឧត្តម វ៉ាត់ ចំរើន ចុះទស្សនកិច្ច ភូមិកីឡាក្នុងទីក្រុងបារីស ប្រទេសបារាំង
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានចុះទស្សនៈកិច្ច មើលភូមិកីឡាក្នុងទីក្រុងបារីស ប្រទេសបារាំង ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិកដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ។
ទស្សនកិច្ចនេះដែរ ឯកឧត្តម បណ្ឌិតថោង ខុន និង ឯកឧត្តម វ៉ាត់ ចំរើន ក៍បានសិក្សាពីការរៀបចំ ក៏ដូចជាដកស្រង់បទពិសោធ និង ជួបសំណេះសំណាល សួរសុខទុក្ខដល់កីឡាករកីឡាការិនី របស់កម្ពុជា ដែលស្នាក់នៅភូមិកីឡា ហើយក៏ ពិនិត្យទៅលើការរៀបចំកម្មវិធីមួយចំនួនពាក់ព័ន្ធជាមួយនឹងការរហ្វឹកហាត់ កម្មវិធីប្រកួតក៏ដូច ជាកម្មវិធីត្រៀមចូលរួម ពិធី បើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ2024ខាងមុខនេះ ។
សូមបញ្ជាក់ថា៖ កម្ពុជាមានអត្តពលិក ០៣រូប លើ ២ប្រភេទកីឡា ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ប្រកួតលើវិញ្ញាសារ រត់ចម្ងាយ ៨០០ម៉ែត្រ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ រីឯហែលទឹកមានកីឡាករ កីឡាការិនី ០២រូប គឺកីឡាករ កូសុងដឺឡាបរ៉ារ៉ង អង់ត្វ័នម៉ាតាំងក្លូឌត្រូវប្រកួតវិញ្ញាសាហែលសេរីចម្ងាយ ១០០ម៉ែត្រ ចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា។ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា វិញ ត្រូវប្រកួតវិញ្ញាសាសេរី ៥០ម៉ែត្រ នៅថ្ងៃទី០៣ ខែសីហា ។ អ្នកទាំង៣រូបនេះ ទទួលបានសិទ្ធិអនុគ្រោះ សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៦ កក្កដា ដល់១១ សីហា ឆ្នាំ២០២៤៕
ដោយ ៖ ជាវ ចន្ធូ