ប្រតិភូកីឡាកម្ពុជា ចូលរួមកីឡាអូឡាំពិកនៅបារាំង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង
(បារាំង)៖ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងប្រតិភូកីឡាកម្ពុជាដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង ត្រូវបានទទួលបដិសណ្ឋាកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅទីស្នាក់ការស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។
ការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងនេះ គឺជាកាយវិការមួយដ៏ប្រពៃ និងមានអត្ថន័យខ្លឹមសារក្នុងការលើកទឹកចិត្តដល់ក្រុមប្រតិភូកីឡាកម្ពុជារបស់យើង និងជាការផ្តល់ភាពកក់ក្តៅ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ស្ថានទូតកម្ពុជា ដែលជាអាជ្ញាធរមួយជួយសម្រួលនូវការងារស្នាក់នៅរបស់ប្រតិភូកីឡាកម្ពុជា ក្នុងអំឡុងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង ប៉ារីសប្រទេសបារាំង។
សម្រាប់ការទទួលបដិសណ្ឋាកិច្ចចំពោះប្រតិភូកីឡាកម្ពុជាដឹកនាំ ដោយ ឯកឧត្តម ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡានេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏បានរៀបចំពិធីជប់លៀងទទួលអាហារពេលល្ងាចដ៏វិសេសវិសាលមួយ ជាមួយនិងមន្រ្តីទូត និងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងដែលមកចូលរួមអបអរសារទរប្រតោភូកីឡាកម្ពុជាផងដែរ។
ការជួបជុំនេះ ជាសក្ខីភាពមួយដែលបង្ហាញឱ្យឃើញអំពីការឯកភាពជាតិមួយ ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំ ដ៏ឆ្លាសវៃ និងប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឱ្យវិស័យកីឡា និងថ្នាក់ដឹកនាំខ្មែរទាំងអស់ ទាំងក្រៅប្រទេស និងក្នុងប្រទេស បានសាមគ្គីភាពគ្នារក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ការគោរពគ្នាទៅវិញទៅមក។ សកម្មភាពស្វាគមន៍យ៉ាងកក់ក្តីនេះហើយ ជាអ្វីដែលកីឡាករកីឡាការិនីយើងចង់បាន ព្រោះនេះជាការជំរុញទឹកចិត្តឱ្យកាន់តែខ្លាំងក្លា ដើម្បីប្រកួតកីឡាក្នុងកម្រិតអូឡាំពិកឱ្យបានល្អបំផុតដែលអាចធ្វើទៅបាន៕
ដោយ ៖ ជាវ ចន្ធូ