រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ប្រាប់មន្ត្រីមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យពីការងារសំខាន់ៗ
បន្ទាយមានជ័យ៖ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា បរិស្ថានគឺសំដៅឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាសុកភាពល្អ ,មានជីវភាពសមរម្យ ,មានសុខុមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ។
មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យកាលព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បន្តថា គោលការណ៍របស់ក្រសួងបរិស្ថានមានបីចំណុចសំខាន់ គឺសមត្ថភាពបុគ្គល, ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ចបានល្អមានតម្លាភាព ប្រសិទ្ធភាព។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីបានគូសរំលេចថា ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន(២០២៣-២០២៨ ) គឺសំដៅជំរុញការអភិវឌ្ឍប្រកបដោយភាពស្អាត ភាពបៃតង ។ក្នុងវិស័យបរិស្ថានរួមគ្នាគិត រួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់។
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកោតសរសើរចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឱ្យបទល្មើសមានការថយចុះ។
ក្នុងឱកាសនេះលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញ ការងាររួមរបស់មន្ទីរបរិស្ថានខេត្តជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរ៕
ដោយ៖ឃិន គន្ធា