ព្យុះពន្លិចនាវាដឹកប្រេងហ្វីលីពីន កំពប់ចូលសមុទ្រ
ម៉ានីល៖ អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កដោយព្យុះទីហ្វុង Gaemi បានពន្លិច កប៉ាល់ដឹកប្រេង ដែលមានទង់ជាតិហ្វីលីពីន ដឹកប្រេងឧស្សាហកម្ម ១.៤ លានលីត្រ បន្ទាប់ពីចាកចេញពីទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេកំពុងព្យាយាមស្តាស្ថានការណ៍។
សមាជិកនាវិកម្នាក់បានស្លាប់ នៅពេលដែលកប៉ាល់ក្រឡាប់ នៅឈូងសមុទ្រម៉ានីល នៅចម្ងាយជិត៧គីឡូម៉ែត្រ ពីក្រុង Limay ខេត្ត Bataan ខណៈដែលនាវាមួយគ្រឿង ប៉ុនប៉ងធ្វើដំណើរ ទៅកាន់កោះ Panay ភាគកណ្តាល។
ប្រេងដែលកំពប់ លាតសន្ធឹងជាច្រើនគីឡូម៉ែត្រ ហើយឆ្មាំឆ្នេរសមុទ្រកំពុងដាក់ពង្រាយរបាំងបណ្តែត ដើម្បីទប់ស្កាត់ការកំពប់ កុំឲ្យកាន់តែរីកសាយភាយ។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ លោកឧត្តមនាវីឯក Armando Balilo បានប្រាប់សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រេងម៉ាស៊ូតដែលបានលេចធ្លាយចូល ទៅក្នុងសមុទ្រ គឺប្រើសម្រាប់ផ្តល់ថាមពលដល់កប៉ាល់ មិនមែនជាទំនិញប្រេងឥន្ធនៈឧស្សាហកម្ម នោះទេ។ លោកបានព្រមានថា ប្រសិនបើប្រេងឥន្ធនៈឧស្សាហកម្មទាំងអស់ នៅក្នុងកប៉ាល់ លេចធ្លាយ វានឹងជាការធ្លាយប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ នៅហ្វីលីពីន ប៉ះពាល់ សូម្បីតែច្រាំងសមុទ្រ។
រដ្ឋមន្ត្រីដឹកជញ្ជូន លោក Jaime Bautista បាននិយាយថា នាវិក ១៦ នាក់ ក្នុងចំណោមនាវិក ១៧ នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីនាវា ដែលរងគ្រោះថ្នាក់។ ការស៊ើបអង្កេតអំពីមូលហេតុ នៃឧប្បត្តិហេតុនេះ កំពុងដំណើរការ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត