ភ្លើងឆេះព្រៃលេបត្របាក់ឧទ្យានជាតិដ៏ល្បីរបស់កាណាដា

អូតាវ៉ា: អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដ៏កំណាចបានលេបត្របាក់រហូតដល់ពាក់កណ្តាលនៃទីក្រុងសំខាន់ៗ ស្ថិតនៅភាគខាងលិចឧទ្យានជាតិ Jasper ដ៏ពេញនិយមរបស់ប្រទេសកាណាដា។

គិតមកទល់ពេលនេះ ភ្លើងឆេះព្រៃនៅមិនទាន់បណ្តាលឲ្យមានអ្នករងគ្រោះនោះទេ ខណៈដែលអ្នកស្រុក និងអ្នកទេសចរ ២៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ មុនពេលដែលការឆាបឆេះបានកើនឡើងភ្លាមៗ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពន្លត់។

អភិបាលខេត្ត Alberta លោកស្រី Danielle Smith បាននិយាយថា នេះគឺជាសុបិន្តអាក្រក់បំផុតសម្រាប់សហគមន៍ និងថា ការខូចខាតដល់ទីក្រុងត្រូវបានគេប៉ាន់ស្មានថា ទំនងជាមានចន្លោះពី ៣០ ទៅ ៥០ភាគរយ។

រីឯនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋាភិបាលរបស់លោកបានស្នើសុំអ្នកពន្លត់អគ្គីភ័យជាង ៤០០នាក់មកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង ដើម្បីជួយដល់អាជ្ញាធរក្នុងតំបន់។

លោក Trudeau បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា សូមអរគុណចំពោះភាពក្លាហាន និងការធ្វើការងារមិនឈប់ឈររបស់អ្នក (មន្រ្តីពន្លត់អគ្គីភ័យ) នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃទាំងនេះ។

យោងតាមអាជ្ញាធរឧទ្យានជាតិ Jasper បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តដុតដៃដុតជើងពន្លត់ភ្លើងឆេះព្រៃនៅក្នុងទីក្រុង។ នៅកន្លែងខ្លះ អណ្តាតភ្លើងមានកម្ពស់រហូតដល់ ១២០ម៉ែត្រ ហើយកំពុងផ្លាស់ទីក្នុងល្បឿន ១៥ម៉ែត្រក្នុងមួយនាទី។

Jasper ដែលជាឧទ្យានដ៏ធំបំផុតរបស់ប្រទេសកាណាដា ត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយសារតែភ្នំ ផ្ទាំងទឹកកក បឹង និងទឹកជ្រោះ ហើយទាក់ទាញអ្នកទស្សនាចំនួន ២.៥លាននាក់ជារៀងរាល់ឆ្នាំ៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner