អ៊ុយក្រែនប្រាប់ចិនថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចាដោយស្មោះត្រង់ទេ
ប៉េកាំង៖ ប្រមុខការទូតអ៊ុយក្រែនបានគូសបញ្ជាក់ចេញពីប្រទេសចិនថា ទីក្រុងគៀវបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាជាមួយតំណាងរុស្ស៊ី នៅពេលដែលទីក្រុងមូស្គូ សុខចិត្តចូលខ្លួនចរចាដោយស្មោះត្រង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី ខូលេបា បានរំលឹកឡើងវិញនូវជំហរដ៏ម៉ឺងម៉ាត់របស់អ៊ុយក្រែនថា ទីក្រុងគៀវត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចរចាជាមួយភាគីរុស្ស៊ីនៅដំណាក់កាលជាក់លាក់មួយ នៅពេលដែលរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដោយស្មោះត្រង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមិនមានការត្រៀមខ្លួនបែបនេះទេចំពោះភាគីរុស្ស៊ី។
អ៊ុយក្រែនជឿជាក់ថា សន្តិភាពដ៏ត្រឹមត្រូវមួយនៅអ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសចិន ហើយតួនាទីរបស់ចិនជាកម្លាំងសកលសម្រាប់សន្តិភាពគឺមានសារៈសំខាន់។
នេះជាការបញ្ជាក់របស់លោក គូលេបា នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅខេត្តក្វាងចូវ។
លោក គូលេបា បានសង្កត់ធ្ងន់ទៀតថា ការឈ្លានពានរបស់រុស្ស៊ីរារាំងស្ថិរភាពអន្តរជាតិ, ការអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ និងជាពិសេសការអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងចិន និងអឺរ៉ុប។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សារវាងប្រមុខការទូតអ៊ុយក្រែន-ចិន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រទេសចិនបានបញ្ជូន “សញ្ញាច្បាស់លាស់” ក្នុងការគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន។ លោក ហ្សលេនស្គី បានគូសបញ្ជាក់ថា ខ្ញុំរំពឹងថា នឹងមានរបាយការណ៍លម្អិតពីលោករដ្ឋមន្ត្រី គូលេបា ក្រោយវិលត្រឡប់មកកាន់អ៊ុយក្រែនវិញ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា