ចិនព្រមានពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបំណាក់ដី

ប៉េកាំង៖ អាជ្ញាធរនៅភាគខាងជើងប្រទេសចិន បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី កាលពីថ្ងៃពុធ ហើយបានចេញការឆ្លើយតបទឹកជំនន់ក្នុងកម្រិតខ្ពស់បំផុតទីពីររបស់ប្រទេសចិន។

ចិនកំពុងស៊ូទ្រាំនឹងភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងខាងត្បូងប្រទេស ខណៈដែលភាគខាងជើងបែរជាទទួលរងការវាយប្រហារពីរលកកម្ដៅជាបន្តបន្ទាប់។ ហើយបន្ទាប់ពីទទួលរងសីតុណ្ហភាពក្តៅជាង ៣៥អង្សាសេប៉ុន្មានថ្ងៃក្នុងទីក្រុងប៉េកាំង អាជ្ញាធរទីក្រុងកាលពីថ្ងៃពុធបានជំរុញឱ្យមានការឆ្លើយតបការការពារទឹកជំនន់ក្នុងកម្រិតខ្ពស់បំផុតទីពីរ។

សេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម Wechat ផ្លូវការរបស់ទីក្រុងប៉េកាំងបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងមានកម្ពស់រហូតដល់ ១៥សង់ទីម៉ែត្រ បានជន់លិចផ្នែកខ្លះនៃរដ្ឋធានីរបស់ប្រទេសចិន ដែលជាផ្ទះរបស់ប្រជាជនប្រហែល ២២លាននាក់ ក្នុងរយៈពេល ២៤ម៉ោង នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងគ្រោះមហន្តរាយបន្ទាប់បន្សំផ្សេងទៀត។

ទន្ទឹមគ្នា អាជ្ញាធរក្រុងបានបញ្ជាឱ្យបិទទីតាំងទេសចរណ៍មួយចំនួនជាបណ្តោះអាសន្ន ក៏ដូចជាផ្ទះសំណាក់នៅតាមតំបន់ភ្នំ និងមាត់ទន្លេ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាព។ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា អាជ្ញាធរនៅក្នុងខេត្ត Hebei ដែលព័ទ្ធជុំវិញទីក្រុងប៉េកាំង និងជាជម្រករបស់ប្រជាជនជាង ៧០លាននាក់ ក៏បានព្រមានអំពីទឹកជំនន់ផងដែរ។

នៅក្នុងខេត្ត Zhejiang និង Fujian ភាគខាងកើត ព្យុះទីហ្វុង Gaemi ត្រូវបានគេរំពឹងថា នឹងបោកបក់មកដល់នៅថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរបានចេញការជូនដំណឹងអំពីខ្យល់ព្យុះក្នុងកម្រិតពណ៌ក្រហមសម្រាប់ព្យុះទីហ្វុង ហើយខេត្ត Fujian បានផ្អាកសេវាកម្មរថភ្លើងទាំងអស់នៅក្នុងថ្ងៃព្រហស្បតិ៍នេះ។

ទឹកជំនន់ភ្លាមៗនៅភាគខាងជើង និងភាគនិរតីនៃប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់កាលពីចុងសប្តាហ៍។ ហើយនៅក្នុងខែឧសភា ផ្លូវហាយវេមួយនៅភាគខាងត្បូងប្រទេសចិនបានបាក់រលំ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបណ្តាលឲ្យមនុស្ស ៤៨នាក់បាត់បង់ជីវិត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner