លក់មិនដាច់! Honda បិទរោងចក្រផលិតឡាននៅចិន

ប៉េកាំង៖ ក្រុមហ៊ុន Honda Motor បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបិទរោងចក្រមួយកន្លែងនៅចិន ហើយក៏បញ្ឈប់ការផលិតឡានក្នុងរោងចក្រមួយផ្សេងទៀតផងដែរ ខណៈ Honda កំពុងព្យាយាមចាប់ផ្តើមផលិតឡានអគ្គិសនីបន្ថែមទៀត ចំពេលមានការប្រកួតប្រជែងខ្លាំងពីម៉ាកយីហោចិន គឺ BYD។

អ្នកនាំពាក្យក្រុមហ៊ុន Honda និយាយថា Honda នឹងបិទរោងចក្របណ្តាក់ទុនរួមគ្នា (JV) ជាមួយក្រុមហ៊ុនរដ្ឋចិន Guangzhou Automobile Group នៅក្នុងខែតុលាខាងមុខ ជាក្រុមហ៊ុនផលិតឡានម៉ូដែល Accord sedan ដែលបានបើកដំណើរការជិត ២០ឆ្នាំមុន និងមានសមត្ថភាពផលិតឡានសរុបប្រចាំឆ្នាំចំនួន ៥០,០០០គ្រឿង។

ជាមួយគ្នានេះ Honda ក៏នឹងផ្អាកការផលិតឡាននៅរោងចក្រមួយផ្សេងទៀតនៅចិន ដែលដំណើរការដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដាច់ដោយឡែកជាមួយក្រុមហ៊ុន Dongfeng ចាប់ពីខែវិច្ឆិកាខាងមុខ ដោយទីតាំងនេះ មានសមត្ថភាពផលិតឡានសរុបប្រចាំឆ្នាំចំនួន ២៤០,០០០គ្រឿង។ អ្នកនាំពាក្យបន្ថែមថា សមត្ថភាពផលិតឡានប្រចាំឆ្នាំរបស់ Honda នៅចិន នឹងធ្លាក់ចុះពី ១.៤៩លានគ្រឿង មកត្រឹម ១.២លានគ្រឿង។

ពាក់ព័ន្ធនឹងការសម្រេចចិត្តបែបនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា Honda កំពុងស្វែងរកការបង្កើនទិន្នផលរបស់ខ្លួននៅក្នុងប្រទេសចិន ជាមួយនឹងការផ្លាស់ប្តូរនេះ ពីព្រោះខ្លួនប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅក្នុងទីផ្សារឡានអគ្គិសនីក្នុងស្រុករបស់ចិន ដែលជាទីតាំងក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner