ប្រជាជនជប៉ុនធ្លាក់ចុះ ១៥ឆ្នាំជាប់ៗគ្នា
តូក្យូ៖ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈដែលប្រទេសនេះបន្តជួបបញ្ហាជាមួយនឹងអត្រាកំណើតទាបដ៏រ៉ាំរ៉ៃ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រសួងកិច្ចការផ្ទៃក្នុង។
ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះចំនួន ៨៦១,០០០នាក់ ស្មើនឹង ០.៧ភាគរយ បើធៀបនឹងឆ្នាំមុន តួលេខនេះបង្ហាញពីការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន មកត្រឹម ១២១,៥៦១,៨០១នាក់។
ប៉ុន្តែជាមួយគ្នានេះ ចំនួនជនបរទេសស្នាក់នៅជប៉ុន បែរជាបានកើនឡើងចំនួន ៣២៩,៥៣៥នាក់ ស្មើនឹង ១១.០១ភាគរយ កើនដល់ ៣,៣២៣,៣៧៤នាក់ តួលេខនេះបានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីក្រសួងកិច្ចការផ្ទៃក្នុងបានចាប់ផ្តើមប្រមូលទិន្នន័យពាក់ព័ន្ធក្នុងឆ្នាំ ២០១៣។
វាជាឆ្នាំទីពីរជាប់ៗគ្នាផងដែរ ដែលចំនួនជនបរទេសស្នាក់នៅប្រទេសជប៉ុនបានកើនឡើង។ ចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ ២០០៩ ចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់។
រីឯចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុន គឺខ្ពស់បំផុតចាប់តាំងពីក្រសួងកិច្ចការផ្ទៃក្នុង បានចាប់ផ្តើមប្រមូលទិន្នន័យពាក់ព័ន្ធក្នុងឆ្នាំ ១៩៧៩ ខណៈពេលដែលចំនួនទារកទើបនឹងកើតក៏ឈានដល់កម្រិតទាបថ្មីមួយ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនិន្នាការអត្រាកំណើតទាបរបស់ប្រទេសជប៉ុននៅតែបន្ត ទីក្រុងជាច្រើនអាចប្រឈមនឹងហានិភ័យនៃការផុតពូជ ខណៈការសិក្សាមួយកាលពីឆ្នាំមុនបានព្រមានថា ជាង ៤០ភាគរយនៃទីក្រុងរបស់ជប៉ុន អាចនឹងមិនមានប្រជាជនរស់នៅក្នុងឆ្នាំ ២០៥០៕ ប្រភពពី the Japan times ប្រែសម្រួល: ឈឹម ទីណា