អាជ្ញាធរស្រុកទឹកឈូតុបតែងរមណីយដ្ឋានភ្នំស តាមរយៈការដាំកូនឈើបន្ថែម
កំពត៖អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុជវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋដាំដើមត្របែកព្រៃចំនួន៥០០ដើមបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំសដែលទើបង្កើតថ្មី។រដ្ឋបាលស្រុកបានអះអាងថា សកម្មភាពនេះដើម្បីស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសកែលម្អសោភណភាពនិងបង្កើតទេសភាពបៃតងដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានរំលឹកពីប្រវត្តិភ្នំស។ភ្នំសមានប្រវត្តិជាយូរលង់ណាស់មកហើយ ទីនេះមានភ្នំពីរ។ នៅពេលដែលឡើងដល់កំពូលភ្នំ គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងកំពត ក៏ដូចជាទេសភាពស្រែចម្ការនិងជួរភ្នំនៅជុំវិញតំបន់នោះ ។ពិសេសសម្រស់ពេលថ្ងៃរះ និងពេលថ្ងៃលិច។ បន្ថែមពី ភ្នំសជាកន្លែងសក្ការៈបូជា និងជាទីប្រតិបត្តិធម៌តាមបែបសាសនាផងដែរ ។ពលរដ្ឋតែងតែទៅបន់ស្រន់ បួងសួងសុំសេចក្តីសុខ និងជឿថាកន្លែងនោះមានបារមីស័ក្តិសិទ្ធ។ ដោយឃើញសក្តានុពលដូច្នេះហើយទើបរដ្ឋបាលស្រុកផ្តួចផ្តើមរៀបចំបង្កើតភ្នំសឱ្យក្លាយជាតំបន់រមណីយដ្ឋានថ្មីមួយ។ទន្ទឹមនេះក៏ដើម្បីបង្កើតធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ទើបរដ្ឋបាលខេត្តរៀបចំកម្មវិធីដាំដើមត្របែកព្រៃ និងដើមក្ងោកបន្ថែម។
ក្រុមយុវជនដែលចូលរួមដាំដើមឈើបានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលស្រុកក្នុងការរៀបចំតំបន់ភ្នំសឱ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញ ពីព្រោះភ្នំស នៅជិតក្រុង។ផ្លូវងាយស្រួលធ្វើដំណើរ និងមានទេសភាព ស្អាត។ បរិយាកាសល្អ។ពួកគេចង់ឱ្យពលរដ្ឋក្នុងមូលដ្ឋានចូលរួមធ្វើអនាម័យ បង្កើតបរិស្ថានល្អនិង ចូលរួមដាំដើមឈើ ថែរក្សាដើមឈើឱ្យលូតលាស់ល្អ ។
តាមការបញ្ជាក់ ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកទឹកឈូ បានបើកធ្វើយុទ្ធនាការដាំដើមឈើប្រណិត និងដើមឈើលម្អ បានចំនួន៥.០០០ដើមហើយ ។ក្នុងនោះមាននៅអមតាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូ ផ្លូវទៅទំបន់ប្រទាក់ក្រឡា ផ្លូវមកកាន់តំបន់ភ្នំស និងដាំដើមត្របែកព្រៃនៅជម្រាលភ្នំស ដែលជាលើកទី៣នៅព្រឹកនេះ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន